ភ្នំពេញ៖ តំណាងស្ថានទូតចិន ប្រចាំនៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំយុវជន និងកីឡា នៅល្ងាចថ្ងៃទី២១ ខែតុលានេះ បានអញ្ជើញចុះត្រួតពិនិត្យ ការរៀបចំនិងការត្រៀមបើកដំណើរការបណ្ណាល័យគ្រឿងញៀន ស្ថិតក្នុងបណ្ណាល័យសម្តេច ហ៊ុន សែន នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ ដើម្បីបើកឱកាសឲ្យសិស្ស និងអ្នកសិក្សានានា សិក្សាស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធនឹងគ្រឿងញៀន។
ក្នុងដំណើរចុះទស្សនកិច្ចនេះ លោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលប្រចាំ ស្ថាន ទូត ចិន នៅកម្ពុជា ថ្លែងសន្យាថា នឹងបង្កើនការកៀងគរជំនួយ និងគ្រឿងបំពាក់នានាពីខាងប្រទេសចិនដើម្បីជួយវិស័យអប់រំ ផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
យ៉ាងណាក៏ដោយ លោក លី ស៊ាងមីង បានកោតសសើរដល់កម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អលើគ្រប់វិស័យជាភាគីចិន ពិសេសកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ បង្រ្កាប បទល្មើសគ្រឿងញៀន ហើយការបង្កើតបណ្ណាល័យគ្រឿងញៀននាពេលនេះគឺពិតមានសារសំខាន់បំផុតចូលរួមចំណែកជួយយុវជនឱ្យទទួលបានចំណេះដឹងនិងចាកផុតពីបញ្ហាគ្រឿងញៀន។
លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា បណ្ណាល័យគ្រឿងញៀន ជាប្រភេទបណ្ណាល័យឌីជីថល និងបណ្ណាល័យដំបូងគេ ដែលត្រូវបានបង្កើតឡើងបម្រើដល់ការសិក្សាស្រាវជ្រាវ ចំណេះដឹងពាក់ព័ន្ធនឹងគ្រឿងញៀនរបស់សិស្សនិងអ្នកសិក្សា។
បន្ថែមលើការងារនេះដែរ លោក ជំទាវ សឿ សុជាតា បានស្នើសុំដល់ភាគីមិត្តចិនជួយបណ្តុះបណ្តាលធនធានមនុស្សពាក់ព័ន្ធគ្រឿងញៀន ដើម្បីជំរុញការគ្រប់គ្រង ការអប់រំ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសិទ្ធភាព។
សូមបញ្ជាក់ថា បណ្ណាល័យគ្រឿងញៀន ជាប្រភេទបណ្ណាល័យឌីជីថល ហើយគ្រប់អ្នកសិក្សាទាំងអស់អាចចូលសិក្សាស្រាវជ្រាវតាមសៀវភៅនានាដែលដាក់តំកល់ក្នុងបណ្តាល័យផង ដាក់នៅក្នុងប្រព័ន្ធកុំព្យូទ័រផង និងអាចចូលអានសិក្សាស្រាវជ្រាវនៅតាមប្រព័ន្ធទូរសព្ទដៃផងដែរ៕អត្ថបទ ស៊ុម សុខជា