កណ្តាល៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមសម្ពោធជាផ្លូវ ការរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ខណៈក្រុមហ៊ុននេះអាចនឹងបង្កើតការងារដល់ពលរដ្ឋខ្មែរ បានរហូតដល់ទៅ៥០០កន្លែងនិងបានចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជាផងដែរ។
ថ្លែងនៅក្នុងពិធីសម្ពោធនោះ លោក ហ៊ុន ម៉ាណែត សូមសម្តែងនូវការអបអរសាទរចំពោះការបើកសម្ពោធជាផ្លូវការនូវក្រុមហ៊ុនដ៏ធំមួយនេះ ដែលជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូលដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ក្រុមហ៊ុននៅតែខិតខំពុះពារជម្នះការលំបាក រហូតសម្រេចបាននូវការវេចខ្ចប់លើកដំបូង និងការចែកចាយនៅលើទីផ្សារក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយប្រើប្រាស់រយៈពេលត្រឹម០២ ឆ្នាំប៉ុណ្ណោះ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា វាគឺជាមោទនភាពដោយបានឃើញក្រុមហ៊ុនក្នុងស្រុកថ្មីមួយទៀត តួយ៉ាងដូចជាក្រុមហ៊ុន ហនុមាន ប៊ែវើរីជីសនេះផ្ទាល់ ដែលបានប្រើប្រាស់ទុនវិនិយោគទាំងស្រុង ១០០% ជាទុនក្នុងស្រុក ដើម្បីបើកដំណើរការរោងចក្រដ៏ធំសម្បើម និងទំនើបមួយនេះ ដែលមានស្តង់ដារនៃការផលិតខ្ពស់ និងធានាបាននូវគុណភាពកាន់តែល្អប្រសើរសម្រាប់អតិថិជនទាំងក្នុងស្រុក និងទីផ្សារក្រៅប្រទេស។
លោកបន្តថា ក្រុមហ៊ុននេះ«ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញពិពិធកម្ម និងពង្រឹងផលិតកម្មក្នុងស្រុក ដែលអាចបង្កើតការងារបានរហូតដល់ទៅ ៥០០ កន្លែងនៅក្នុងរោងចក្រផ្ទាល់ ក៏ដូចជាការចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យ កសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា»។ នៅក្នុងឱកាសនោះដែរលោកហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការបើកដំណើរការរោងចក្រនាពេលនេះ ក៏បានបង្ហាញឱ្យឃើញអំពីសក្តានុពលនៃវិស័យវិនិយោគនៅកម្ពុជា ជាពិសេសការគាំទ្រដល់ការបោះជំហានទៅមុខនៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី«ឧស្សាហកម្មអតិពលកម្ម» ឈានទៅជា «ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា» ដូចមានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលយ៉ាងដូច្នេះដែរ។
លោកបណ្ឌិត បានបន្ថែមថា ក្នុងបរិការណ៍នេះ ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ជាមួយនឹងការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ ដើម្បីធ្វើឱ្យវិស័យឯកជនអាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ហើយអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ និងការពង្រឹងភាពប្រកួតប្រជែង និងដោយប្រយោលតាមរយៈការបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគជាដើម៕អត្ថបទ៖ បាន ចក់










