បេឡារុស៖ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពរបស់ប្រទេសលោកនឹងមិនធ្វើសង្គ្រាមជាមួយអ៊ុយក្រែនទេ។
លោក Lukashenko បាននិយាយនៅកន្លែងហ្វឹកហ្វឺនយោធាក្នុងតំបន់ Brest ថា បច្ចុប្បន្ននេះមិនមានសង្គ្រាមទេ យើងមិនត្រូវការវាឡើយ។ ការថ្លែងរបស់មេដឹកនាំបេឡារុសផ្តាច់ការរូបនេះបានធ្វើឡើង បន្ទាប់ពីការមកដល់របស់ទាហានរុស្ស៊ីរាប់ពាន់នាក់ក្នុងប្រទេស។ លោក Lukashenko និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីពេលមុនបានព្រមព្រៀងគ្នា ដើម្បីបង្កើតការដាក់ពង្រាយកងទ័ពប្រចាំតំបន់រួមគ្នា។ នេះមានន័យថា ទាហានរុស្ស៊ី ៩.០០០នាក់នឹងត្រូវដាក់ពង្រាយក្នុងប្រទេសបេឡារុស ខណៈរថក្រោះ ១៧០គ្រឿង និងរថពាសដែក ២០០គ្រឿងនឹងមកដល់ក្នុងប្រទេសបេឡារុស។
រុស្ស៊ីបានប្រើប្រាស់ប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែង ជាទីតាំងចាប់ផ្តើមបញ្ជូនកងទ័ព និងមីស៊ីលចូលកាន់ប្រទេសអ៊ុយក្រែន។ អ្នកវិភាគបានលើកឡើងថា ប្រសិនបើយោធាតិច និងគ្មានបទពិសោធន៍របស់ប្រទេសបេឡារុស ធ្លាប់ចូលរួមក្នុងប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីនោះ កងទ័ពបន្ថែមអាចជួយទីក្រុងមូស្គូកាត់ផ្តាច់ច្រករបៀងដឹកជញ្ជូនសំខាន់ៗមួយចំនួន ប៉ុន្តែទំនងជានឹងមិនបង្កើនសមត្ថភាពរបស់លោក Putin យ៉ាងខ្លាំងនៅលើសមរភូមិនោះទេ៕
អត្ថបទ៖ ប៊ុនថន