បន្ទាយមានជ័យ៖ ដោយសារ ថ្ងៃទី២៣តុលានេះជាខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣តុលា សម្តេចតេជោ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គ្មានបរទេសណាមកធ្វើជំនួសខ្មែរទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរម្លឹកពីកិច្ចព្រមព្រៀងចំខួប៣១ឆ្នាំនេះត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលចែកស្រូវពូជ និងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥ពាន់គ្រួសារនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣តុលានេះ។
សម្តេចតេជោក៏បានបន្តលើកឡើងថា ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសម្រេចបានពិត ប៉ុន្តែអ៊ុនតាក់មិនអាចសម្រេចកិច្ចការបានដោយបន្សល់ទុកឱ្យកម្ពុជារដ្ឋាភិបាល២ គឺភាគីរដ្ឋាភិបាល និងខ្មែរក្រហម។ ដោយនយោបាយ ឈ្នះ ឈ្នះ ទើបកម្ពុជារកបាននូវការបង្រួបបង្រួមជាតិនាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃ។

តាមរយៈហ្វេសប៊ុកសម្តេចក៏បានសរសេរថាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួប ៣១ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក ស៊ឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕




