បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។
ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុង ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ក្នុងនោះមានស្លាប់មនុស្ស ៤នាក់ ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧ និងផ្លូវ ៨០២កន្លែង មានប្រវែង ៤០៦,២៩៥ម៉ែត្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ៖

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមែនដោយសារតែបញ្ហាជំងឺកូវីដ-១៩ ធ្វើអោយរាជរដ្ឋាភិបាលមានលេសក្នុងការមិនចុះមកជួប និងផ្តល់ការឧបត្តម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចគឺជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេ គឺជិត៤ទសវត្សរ៍ ហើយសម្តេចក៏មិនអោយគេដៀលសម្តេចថា អាអត់ពូជដែរ។ ត្រង់ចំណុចសម្តេចចង់សំដៅលើពូជស្រូវ ពូជដំណាំសម្រាប់ផ្តល់ជូន ប្រជាកសិករសម្រាប់បង្កបង្កើនផល។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនដែលបង្ខិតបង្ខំអោយនរណាម្នាក់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមហន្តរាយនានានោះទេ ដែលនេះគឺជាសន្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរ តាមទិសស្លោក”ជួយគ្នាក្នុងគ្រាមានអាសន្ន”។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នឹងទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម ក្នុងមួយគ្រួសារ។ សម្តេចក៏បានបញ្ជាក់ថា បើមុនពេលសម្តេចមកផ្តល់ជូន ប្រជាពលរដ្ឋណាដែលទទួលបាន ៥០គីឡូក្រាមពីអាជ្ញាធរហើយ ក៏សូមកុំច្រណែននឹងអ្នកបានក្រោយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ភាគី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ាវីសមានចំនួន៤ភាគី ក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មុនឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា សម្តេចបានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចរចារវាងសម្តេច និងព្រះករុណា ព្រះបរមរតនកោដ្ឋ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាអតីតព្រះមហាក្សត្រ និងសម្តេចតេជោ ហ៊ុន សែន ហៅថា(ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជាបន្តបន្ទាប់ក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វត្តមានអ៊ុនតាក់នៅកម្ពុជា និងបានចាយលុយអស់ប្រមាណ ២.០០០ លានដុល្លាអាមេរិក មិនបានធ្វើអោយកម្ពុជាមានសុខសន្តិភាពនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សុខសន្តិភាពនៅកម្ពុជា គឺរកបានដោយកម្ពុជាផ្ទាល់ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាយមានជ័យ គឺតំបន់អតីតសមរភូមិក្តៅ ដែលមាន ៤ភាគីនៅទីនោះ។ ក្រោយការបោះឆ្នោត នៅឆ្នាំ១៩៩៣ ភាគីទាំងនោះ បានឯកភាពគ្នាចូលរួមក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស រៀបចំដោយអ៊ុនតាក់។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម មិនបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ តែតុលាការកូនកាត់មួយនេះបានកើ់តឡើងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីផ្តល់យុត្តិធម៌ និងព្យាបាលផ្លូវចិត្តជនរងគ្រោះ ដែលបានស្លាប់ដោយអំពើឃោរឃៅ យង់ឃ្នង នៃរបបកម្ពុជាប្រជាធិតេយ្យខ្មែរក្រហម។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើស្រលាញ់ បើអាណិត បើពេញចិត្តលើការដឹកនាំរបស់សម្តេច សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយសម្តេចនៅតែបន្តនៅជានាយករដ្ឋមន្ត្រី នៃកម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយអតិផរណា ទំនិញឡើងថ្លៃប្រមាណ ៦០ម៉ឺនគ្រួសារទៀត រួមនឹងប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត ដើម្បីអោយពួកគាត់អាចស្តារលទ្ធកម្មក្នុងកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ។
សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៨ និង៥០នាទី