សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានបានបន្តចុះព្យាបាលជំងឺដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួនជាង ៣០០០នាក់នៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយកម្មវិធីមនុស្សនេះក៏មានការចូលរួមពីសំណាក់អាជ្ញាធរដែនដី យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ថ្លែងនៅក្នុងកម្មវិធីនោះ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង និងគ្រប់ទីកន្លែង។ ជាក់ស្តែងនៅថ្ងៃនេះ តាមរយៈការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានឲ្យក្រុមការងារ និងកម្លាំងស្ម័គ្រចិត្ត នៃសមាគមចុះមកព្យាបាលជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋឥតគិតថ្លៃប្រកបដោយទឹកចិត្តមនសិការវិជ្ជាជីវៈក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។
លើសពីនេះ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរចំនួន ៣៨ នាក់មកព្យាបាលនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោផងដែរ៕ អត្ថបទ៖ បាន ចក់









