ថ្លែងក្នុងពិធីជួប សំណេះសំណាលចែកស្រូវពូជ និងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរចំនួន ៥០០០គ្រួសារនៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៣តុលានេះ និងដោយសារថ្ងៃនេះជាខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរម្លឹកពីការខិតខំរបស់សម្តេចក្នុងការស្វែងរកកិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជាមានការបែកបាក់ជាយូរលង់មកហើយៗសម្តេចបញ្ជាក់ថា ការចូលព្រៃតស៊ូរបស់សម្តេចពីអតីតកាលមិនមែនតាមប៉ុលពតទេ ពោលគឺសម្តេចមិនស្គាល់ប៉ុលពតឡើយ។
សម្តេចចូលព្រៃតស៊ូតាមការអំពាវនាវរបស់ព្រះបិតារបស់យើង ហើយការដែលប៉ុលពតគ្រប់គ្រងគឺដោយសារប៉ុលពតប្លន់អំណាច។
សម្តេចក៏បានបន្តរម្លឹកពីគុណតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលតែងតែមានអ្នកវិភាគយកមកបំភ្លៃការពិតទាញយកនូវគុណសម្បត្តិកេងចំណេញផ្នែកនយោបាយ។
ទោះជាយ៉ាងណា សម្តេចថា អ្នកវិភាគដ៏ឆ្អិនឆ្អៅខ្លះនោះពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣តុលាអ្នកទាំងនោះនៅដើរស្រាតនៅឡើយទេ។សម្តេចបានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ចូលធាតុទៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងអស់ហើយ៕