កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានដឹកនាំកម្លាំងនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមការងារ ចុះសម្អាតផ្សារលើ និងផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីអនាម័យ និងសោភ័ណភាព ។
លោក ហ៊ីង ភ័ព្វមីនា បានថ្លែងថា : ការសម្អាតអនាម័យទីផ្សារនៅក្នុងខេត្តកំពង់ឆ្នាំង គឺធ្វើឡើងក្នុងរយៈពេល៣ខែម្តង ហើយអាជ្ញាធរក្រុងកំពង់ឆ្នាំងបានធ្វើជាប្រចាំ ដើម្បីអោយផ្សារទាំងអស់ក្នុងក្រុង មានអនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់ល្អ។ លោកបានបន្តថា នៅក្នុងការលាងសម្អាតនេះ គឺអាជ្ញាធរក្រុងបានប្រើទឹកអស់ចំនួន១០ឡាន និងកម្លាំងចំនួន៣២នាក់ ដើម្បីបោសសម្អាត ការប្រមូលសម្រាមវេចខ្ចប់ដាក់ធុងសម្រាម ។ លោកអភិបាលក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់អាជីវករទាំងអស់ សូមចូលរួមសម្អាតអនាម័យ និងមានសណ្តាប់ធ្នាប់ល្អតាមទីផ្សាររបស់ខ្លួន ទើបយើងមានសុខភាពល្អ អ្នកចូលទិញឥវ៉ាន់ក្នុងផ្សារច្រើន ជាពិសេស ការរក្សាបាននូវអនាម័យ គឺអាចរក្សាបាននូវការមិនឆ្លងមេរោគកូវីដ១៩ ក្នុងទីផ្សារ ក៏ដូចជាសហគមន៍យើងផងដែរ៕ ហុង វាស្នា










