ក្រចេះ៖ ពិធីប្រណាំងទូក «ង» ប្រពៃណី ខ្នាតអន្តរជាតិរយៈពេល៣ថ្ងៃ នៅខេត្តក្រចេះបានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ ឯកត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ក៏បានអញ្ជើញជាអធិបតីភាពផ្ដល់នូវរង្វាន់ជ័យលាភីដល់កីឡាករចំណុះទូកផងដែរ ។
ពិធីប្រណាំងទូក «ង» ប្រពៃណី ខ្នាតអន្តរជាតិនេះ មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ដោយជោគជ័យ ព្រមទាំងបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនា និងដើរលេងកម្សាន្តយ៉ាងច្រើនកុះករ។
លោក គ្រុយ ទូច ជាប្រជាពលរដ្ឋបានលើកឡើងពីអារម្មណ៍សប្បាយរីករាយ ក្រោយពេលបានចូលរួមទស្សនាការប្រណាំងទូក «ង» ប្រពៃណី និងមានប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ។ ដោយលោកបានស្នើរសុំឱ្យអាជ្ញាធរខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បង្កើតនូវកម្មពិធីអុំទូកនេះឡើងជារៀងរាល់ឆ្នាំនៅខេត្តក្រចេះ ។
យោងតាមរបាយការណ៍របស់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានបញ្ជាក់ថា គណៈកម្មការរៀបចំប្រណាំងទូកខេត្តក្រចេះ បានរៀបចំប្រណាំងទូក«ង» ចំនួន ១៣គូ ស្មើរនិង ២៦ទូក ដែលជាលទ្ធផលទូកជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ៧ទូក លេខ២ មានចំនួន ៧ទូក ចំណាត់ថ្នាក់លេខ៣ មានចំនួន ៦ទូក និងចំណាត់លេខ៤ មានចំនួន ៦ទូក ។ ក្នុងនោះចំណុះកីឡាករទូក«ង» សរុបមានចំនួន ២៦ទូក មកពីតាមបណ្តាស្រុក/ក្រុងទាំង៦ ក្នុងខេត្តក្រចេះ រួមមាន ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្រុកឆ្លូង ស្រុកចិត្របុរី ស្រុកស្នួល និងក្រុងក្រចេះ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន បានបញ្ជាក់ថា ទោះបីជាការប្រណាំងទូក បានបញ្ចប់ក៏ពិតមែន តែនៅរាត្រីថ្ងៃទី២៣ តុលា ក៏នៅមានការប្រគំតន្រ្តី និងអុជកាំជ្រូចជូនពលរដ្ឋ និងភ្ញៀវទស្សនាបន្តទៀត ហើយឯកឧត្តមក៏សូមចូលរួមអបអរសាទរជាមួយនិងកីឡាករទូកទាំអស់ ទោះចំណាត់ថ្នាក់បានលេខ ១ក្ដី និងលេខ ២ ឬលេខ៣ លេខ៤ក្ដី សុទ្ធតែឈ្នះទាំងអស់គ្នា ឈ្នះក្នុងន័យគាំទ្រប្រពៃណីរបស់យើង ។
ក្នុងពិធីប្រណាំងទូកនេះរដ្ឋបាលខេត្តបានផ្ដល់ជូនប្រាក់រង្វាន់ដល់ទូកជាប់ចំណាត់ថ្នាក់លេខ១ ចំនួន ៧ទូក ក្នុង១ទូក ទទួលបានថវិការចំនួន ៣លានរៀល ទូកជាប់លេខ២ ចំនួនចំនួន ៧ទូក ក្នុង១ទូក ទទួលបានថវិការចំនួន ២លាន ៥សែនរៀល រីឯទូកជាប់ចំណាត់ថ្នាក់លេខ៣ និងលេខ៤ ចំនួន ៦ទូក ក្នុង១ទូក ទទួលបានថវិការ ២លានរៀលផងដែរ ។ ឯកឧត្តមអភិបាលខេត្តក៏បានអរព្រះគុណ និងអរគុណដល់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការទូក និងក្រុមកីឡាករដែលបានចូលរួម និងសូមថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភកម្មវិធីផងដែរ៕ ដោយ សេង ម័រ








