បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ចំនួន ១១.៥២៨ គ្រួសារ នៅខេត្តបាត់ដំបង ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជាឲ្យឈ្នះភ្លូកទឹក ភ្លូកដីកាលពីការបោះឆ្នោតឃុំ-សង្កាត់នាពេលកន្លងទៅ ។
- សម្តេចតេជោរំពឹងថាបងប្អូននឹងបន្តបោះជូនដល់គណបក្សប្រជាជនកម្ពុជានាឆ្នាំ២០២៣បន្តទៀត។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ប្រឹងប្រែងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
- សម្តេចតេជជោ ហ៊ុន សែន បានប្រកាសថា តំណែងកាន់តែធំ ដីកាន់តែតូច។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា «មេដឹកនាំធំៗមិនអាចធ្វើដំណើរទៅណាមកណា រហេតរហូតនោះទេ....[]»។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកសារព័ត៌មានតាមសម្តេចក្នុងបេសកកម្មជុំវិញបឹងទន្លេសាប បាននាំគ្នាសប្បាយរីករាយ និងចូលខាអូខេ ព្រមទាំងអំពាវនាវដល់ភរិយាអ្នកសារព័ត៌មានទាំងនោះ កុំបន្ទោស ឬប្រើហិង្សាលើប្តី។
- សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាសារជាថ្មីដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពង្រឹងការងារ និងស្វះស្វែងរកដំណោះចាំបាច់ និងបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋតាមរដូវ និងភាពជាក់ស្តែង។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលរបស់សម្តេច មិនឱ្យគេហៅថា «រាជរដ្ឋាភិបាលអត់ពូជទេ...»។ ត្រង់ចំនុចនេះសម្តេចតេជោ ហ៊ុន សែន ចង់សំដៅលើស្រូវពូជ និងពូជដំណាំនានា សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីបង្កបង្កើនផល។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការដូរពូជស្រូវជាមួយរដ្ឋ ដើម្បីបង្កើនលទ្ធភាព នៃបង្កបង្កើនផល ដោយប្រជាពលរដ្ឋដែលមានស្រូវ ហើយគិតថាស្រូវរបស់ខ្លួនមិនសូវមានផលតាមតម្រូវការចង់បាន អាចដូរពូជជាមួយរដ្ឋបាន។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល៤ថ្ងៃមកហើយ(មកទល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២) កម្ពុជាមានកម្រិតអត្រាឆ្លងកូវីដ-១៩ មានចំនួនសូន្យ(០) ដែលជាភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួន ពីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តន៍ការ ៣ការពារ និង៣កុំ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ»។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពីមុនរដ្ឋមានគោលការណ៍ផ្តល់ពូជស្រូវដល់ប្រជាពលរដ្ឋតាមទំហំដី ដោយដីកន្លះហិកតា រដ្ឋផ្តល់ជូន៥០គីឡូក្រាម និងលើសពី ១ហិកតា រដ្ឋផ្តល់ជូន ១០០គីឡូក្រាម តែពេលនេះ រដ្ឋផ្តល់ជូន ១០០គីឡូក្រាម ក្នុងមួយគ្រួសារៗដូចៗគ្នា។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។
- សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋ ជា ពិសេសចាស់ៗដែលធ្លាប់រួមគ្នាជាមួយសម្តេចក្នុងសម័យសង្គ្រាមពីអតីតកាល ស្វែងរកសុខសន្តិភាពដល់ប្រទេសកម្ពុជាទាំងមូល។
សង្កថា សម្ដេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៨ និង១០នាទី