ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ បានប្រកាសបើកការប្រកួតប្រជែងជំនាញថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២២ ដោយមានបេក្ខជនចំនួន ៦១នាក់ មកពី ១៣គ្រឹះស្ថាន ចូលរួមប្រកួតប្រជែងលើមុខជំនាញចំនួន៨ នៅរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានឲ្យដឹងថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិនេះ មានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់២៨ ខែតុលា ឆ្នាំ២០២២។
កម្មវិធីនេះដែរ រៀបចំឡើងក្នុងគោលបំណងសំខាន់៤៖
១. ជំរុញការប្រកួតប្រជែងជំនាញប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌
២. លើកកម្ពស់ការអភិវឌ្ឍគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងលើកតម្លៃការងាររបស់យុវជន និងកម្មករជំនាញ
៣. ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ឯកជន និងអង្គការមិនមែនរាជរដ្ឋាភិបាលលើវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ
៤. ផ្តល់ជាមធ្យោបាយទទួលស្គាល់គុណភាព សមត្ថភាព សម្រាប់ការងារល្អប្រសើររបស់ពលករជំនាញ។
សូមជម្រាបថា មុខជំនាញទាំង៨ ដែលៀបចំក្នុងកម្មវិធីប្រកួតប្រជែងនេះ រួមមាន៖ ជំនាញតបណ្តាញអគ្គិសនី, ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ,ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច បេក្ខជនចំនួន, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ និងជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម។
ដោយឡែក ចំពោះបេក្ខជនដែលជាប់ចំណាត់ថ្នាក់ទទួលបានមេដាយនឹងត្រូវទទួលបាន រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលមេដាយមាសត្រូវទទួបានរង្វាន់ចំនួន ៣លានរៀល មេដាយប្រាក់ទទួលបានប្រាក់រង្វាន់ ២លានរៀល និងមេដាយសំរឹទ្ធិទទួលបានរង្វាន់ ១លានរៀល។ ជាមួយគ្នានេះ បេក្ខជនជ័យលាភី នឹងមានឱកាសក្នុងការចូលរួមប្រកួតប្រជែងជំនាញជាអន្តរជាតិ ថ្នាក់តំបន់ និងសាកលលោកផងដែរ៕







