ប្រដាល់៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ “ម្ចាស់ជើងឯកខ្សែក្រវាត់ខារ៉ាបាវ” រដូវកាលទី៨ ក្នុងប្រភេទទំងន់ ៦០គីឡូក្រាមបានបិទបញ្ចប់ដោយជោគជ័យ ក្រោមការគាំទ្រពីស្នេហាគុនខ្មែរមិនគួរឱ្យជឿ។
រយៈពេលជិត ៥ខែតាំងពីចាប់ផ្តើមជុំដំបូងនៅដើមខែកក្កដា កីឡាករ ៨រូបរួមមានគុនខ្មែរ ៤ និងថៃ ៤រូបបានប្រកួតប្រជែងគ្នានៅសង្វៀនស្ទឹងមានជ័យរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នបានទទួលការគាំទ្រយ៉ាងសន្ធឹក ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យម្សិលមិញត្រូវបានគេប៉ាន់ប្រមាណថា មានទស្សនិកជនប្រមាណ ៤០០០នាក់ និងមានអ្នកទស្សនាផ្សាយផ្ទាល់នៅលើបណ្តាញសង្គមដល់ទៅជិត ៧០០០០គណនី។ ក្រោមក្រសែភ្នែកទស្សនិកជនរាប់ពាន់នាក់ក្នុងសង្វៀន និងរាប់លាននាក់ទស្សនាតាមគេហដ្ឋាន កីឡាករគុនខ្មែរមកពីក្លិបចលនាយុវជន ១៥៧ គុនខ្មែរ ពេជ្រ សម្បត្តិ មិនបានធ្វើឱ្យអ្នកគាំទ្រគុនខ្មែរខកបំណងឡើយ ដោយបានយកឈ្នះគូប្រកួតដែលគិតថា លំបាកបំផុតក្នុងរដូវកាលនេះ ផាត់ថាណា ស៊ីតអាចានវីន ដោយពិន្ទុ។
នេះជាលើកដំបូងសម្រាប់ពន្លកគុនខ្មែរដែលទើបចាប់ផ្តើមអាជីពមិនដល់ ២ឆ្នាំផង និងបានគ្រងជើងឯកខ្សែក្រវាត់ នៅសង្វៀនដែលមានការគាំទ្របំផុតនៅកម្ពុជាមួយនេះ។ ពេជ្រ សម្បត្តិ បានទទួលប្រាក់រង្វាន់ ៦០០០ពាន់ដុល្លារក្នុងនាមជាជើងឯក អមជាមួយនឹងខ្សែក្រវាត់ និងពានមួយក្រោមការបំពាក់ដោយឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខណៈដែលជើងឯករង ផាត់ថាណា ទទួលបានប្រាក់រង្វាន់ ៣៥០០ដុល្លារ។ ថ្ងៃជាមួយគ្នានោះដែរ ធន់ ផានិត បានយកឈ្នះកីឡាករថៃ ទួនប៉េ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ អមជាមួយនឹងប្រាក់រង្វាន់ ២០០០ដុល្លារ ខណៈ ទួនប៉េ ទទួលបាន ១០០០ដុល្លារ៕
អត្ថបទ៖នាង សុភាវុធ