រុស្ស៊ី៖ ប្រមុខការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រាប់សមភាគីបារាំងរបស់លោកតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនកំពុងយ៉ាប់យ៉ឺនកាន់តែខ្លាំង និងស្ទើរគ្រប់គ្រងលែងបាន។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក Sebastien Lecornu ចេញផ្សាយដោយភាគីរុស្ស៊ី លោក Shoigu បាននិយាយថា ទីក្រុង Moscow ព្រួយបារម្ភថា ប្រទេសអ៊ុយក្រែនអាចប្រើគ្រាប់បែកវិទ្យុសកម្មក្នុងជម្លោះនេះ តែពុំបានផ្ដល់ភស្តុតាងគាំទ្រដល់ការលើកឡើងដែលថា អ៊ុយក្រែនអាចនឹងប្រើអាវុធប្រភេទនេះទេ។
លោក Sergei Shoigu ក៏បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ផងដែរកាលពីថ្ងៃអាទិត្យជាការជួបសន្ទនាតាមទូរស័ព្ទលើកទី២ ក្នុងរយៈពេល ៣ថ្ងៃ និងបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគី ៣រូបផ្សេងទៀតមកពីបណ្ដាប្រទេសសមាជិកសម្ព័ន្ធណាតូ៕
អត្ថបទ៖ សុខមាន