បាល់ទាត់៖ ក្លិបអ្នកមានថ្មី Newcastle United បានហក់ចូលតំបន់កំពូលទាំង ៤ ហើយក្រោយយកឈ្នះនៅទឹកដី Tottenham Hotspur ២-១។ បន្ទាប់ពីរដូវកាលដ៏លំបាកកាលពីរដូវកាលមុន នៅពេលដោះដូរក្បាលម៉ាស៊ីនរបស់ក្លិប Newcastle បានបន្តការចាប់ផ្តើមរដូវកាលថ្មីនេះបានយ៉ាងល្អ។

ពីរគ្រាប់នាំមុខមុនដោយ Callum Wilson និង Almiron បានក្លាយគ្រាប់បាល់ជ័យជំនះ ៣ពិន្ទុដ៏មានសារសំខាន់សម្រាប់ក្រុមរបស់លោក Eddie Howe បើទោះជា Spurs តាមពីក្រោយមួយគ្រាប់វិញដោយ Harry Kane ក៏ដោយ។ ស្របពេលដែល Newcastle ឡើងមកកាន់ Top4 លើកដំបូងក្នុងការចាប់ផ្តើម ១២ប្រកួតដំបូងនៃរដូវកាលតាំងពីខែមេសា ឆ្នាំ២០១២ Spurs ឯណោះវិញរងបរាជ័យ ២ប្រកួតផ្ទួនៗ។ ងាកមកក្រុមកំពូលតារាងកាំភ្លើងធំ Arsenal នៅពេលនេះត្រូវបានកាត់បន្ថយការនាំមុខមកត្រឹម ២ពិន្ទុពី Manchester City ក្រោយស្មើនៅទឹកដី Southampton ១-១។ គ្រាប់បាល់នាំមុខរបស់ Granit Xhaka នៅនាទីទី១១ ត្រូវបានលុបចោលវិញ តាមរយៈការតាមស្មើវិញរបស់ម្ចាស់ផ្ទះដោយ Stuart Armstrong។
លទ្ធផលនេះធ្វើឱ្យក្រុមរបស់លោក Mikel Arteta បន្តនាំមុខក្នុងតារាងដដែលតែកាត់មកត្រឹម ២ពិន្ទុពីលើក្រុមលេខ២ Manchester City ដែលយកឈ្នះ Brighton ៣-១ កាលពីថ្ងៃសៅរ៍។ លទ្ធផលផ្សេងទៀតយប់មិញរួមមាន Aston Villa ចាប់ផ្តើមជីវិតក្រោយពេល Gerrard ចាកចេញដោយយកឈ្នះ Brentford ៤-០។ Leicester City ងើបផុតពីតំបន់គ្រោះថ្នាក់ក្រោយឈ្នះនៅដី Wolves ៤-០ ខណៈ Leeds ចាញ់ Fulham ក្នុងដីខ្លួនឯង ២-៣៕
អត្ថបទ៖នាង សុភាវុធ