ស៊ីហ្គេម៖ នាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាកាលពីចុងសប្ដាហ៍កន្លងទៅ បានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ២០២២ ក្រោមប្រធានបទ “យើងរួមគ្នាអភិវឌ្ឍន៍កីឡាជាតិ” នៅពហុកីឡដ្ឋានជាតិ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ហើយឯកឧត្តមបានចាត់ទុកកម្មវិធីនេះគឺជាការជំរុញចលនាជាតិមួយ ដើម្បីគាំទ្រដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
យោងតាមរបាយការណ៍នាយកដ្ឋានអប់រំកាយ និងកីឡា “ទិវាកីឡាសម្រាប់ទាំងអស់គ្នា ឬ Sport For All” ដែលធ្វើរយៈពេលពេញ ១ព្រឹកនេះមានលោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតក្នុងរាជធានីភ្នំពេញចូលរួម ៣០០នាក់, គរុនិស្សិតវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាចំនួន ១៥០នាក់, សមាគមន៍សីស្លាបខ្មែរ ១០៧នាក់, មហាជន ២៥៩នាក់ សរុប ៨១៦នាក់ដែលធ្វើការប្រកួតលើ ៥ប្រភេទកីឡារួមមានរត់ចម្ងាយ ៤គីឡូម៉ែត្រ, កីឡាបាល់ទះបុរស-នារី, បាល់បោះបុរស-នារី, កីឡាសីស្លាបខ្មែរ និងការហាត់ប្រាណតាមចង្វាក់ភ្លេង។ ឯកឧត្តម ប៊ូ ជុំសេរី បានមានប្រសាសន៍ថា កីឡាសម្រាប់ទាំងអស់គ្នាគឺជាទិវាមួយរបស់អន្ដរជាតិដែលតែងរៀបចំរៀងរាល់ឆ្នាំ ហើយក៏ជាផ្នែកមួយដែលក្រសួងអប់រំ យុវជន និងកីឡាបានយកចិត្តទុកដាក់ផងដែរ ទោះបីមិនផ្ដោតលើកីឡាអាជីព តែក្រសួងបានចាត់ទុកកម្មវិធីនេះគឺជាការជំរុញឲ្យមហាជនលេងកីឡាដើម្បីសុខភាព។
ម្យ៉ាងក៏ជាការជំរុញចលនាជាតិឲ្យប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទ ដើម្បីគាំទ្រដល់យុទ្ធនាការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលផងដែរ។ តាមរយៈការប្រកួតលក្ខណៈសប្បាយរីករាយនេះដែរ បន្ទាប់ពីចប់ការប្រកួតសម្រាប់កីឡាករ-កីឡាការិនីដណ្ដើមបានជ័យលាភីពីលេខ១ ដល់លេខ៣ តាមប្រភេទកីឡានីមួយៗគឺបានទទួលវត្ថុអនុស្សាវរីយ៍។ បន្ថែមលើនេះគណៈកម្មការរៀបចំក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថាន និងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមកម្មវិធីនេះយ៉ាងច្រើនកុះករផងដែរ៕
អត្ថបទ៖ លី ឈុនឡា