ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតសម្តែងការអបអរសាទរជូនដល់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលបានជាប់ឆ្នោតជាថ្មីទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនិស្តចិន(CPC)នៅក្នុងសមាជជាតិរបស់គណបក្សខ្លួន លើកទី២០កាលពីពេលថ្មីៗនេះ។
យោងតាមសារលិខិតអបអរសាទរ ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដោយ ឯកឧត្តម ត្រូវបានជាប់ឆ្នោតសារជាថ្មីម្តងទៀត ជា អគ្គលេខាធិការគណបក្សកុម្មុយនិស្តចិន (CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនិស្តចិនលើកទី ២០ កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមឱ្យយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា (CYCPP) ខ្ញុំសូមសំដែងនូវការអបអរសាទរ និងជូនពរដោយស្មោះស្ម័គ្រជូនចំពោះឯកឧត្តម»។
តាមរយៈសារលិខិតអបអរសាទរនេះ លោក ហ៊ុន ម៉ាណែត បានបន្តថា «ខ្ញុំក៏សូមឆ្លៀតឱកាសនេះផងដែរ ដើម្បីអបអរការបិទបញ្ចប់ដោយជោគជ័យសមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនិស្តចិន។
សមិទ្ធផលរបស់សមាជជាតិជាប្រវត្តិសាស្ត្រនេះ នឹងពិតជារួមចំណែកដល់ការបន្ត កសាងរបស់ប្រទេសចិន ឆ្ពោះទៅរកភាពទំនើប និងពង្រឹងការកសាងសង្គមនិយមកាន់តែជឿនលឿនតាមចរិត លក្ខណៈពិសេសរបស់ចិន។
លោក បន្តថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិនសហគមន៍អន្តរជាតិបានកោតសរសើរចំពោះជោគជ័យដ៏ធំធេងរបស់ប្រទេសចិនលើការកាត់បន្ថយភាពក្រីក្រ វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លើសពីនោះទៅទៀត ភាពបុរសកម្មរបស់គណបក្សកុម្មុយនិស្តចិន ក្នុងការកសាង «សហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ» បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់មនុស្សជាតិទាំងមូល។ លោក បានសង្កត់ធ្ងន់ទៀតថា«ខ្ញុំមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងគតិបណ្ឌិត និងភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាព របស់ឯកឧត្តម (លោក ស៊ី ជិនពីង) គណបក្សកុម្មុយនិស្តចិន នឹងបន្តកសាងសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់ ប្រជាជនចិន និងពិភពលោកទាំងមូល»។
តាមលិខិតដដែលនេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា «ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនវិញ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរបានវិវត្តកាន់តែរីកចម្រើន ដោយសារជំនឿទុកចិត្ត និងទំនាក់ទំនងដ៏ស្អិត រមួលរវាងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តចិន។ ប៉ុន្មានឆ្នាំមកនេះគណបក្សនៃប្រទេសទាំងពីរ បានពង្រឹងមិត្តភាពដែកថែបដោយផ្អែកលើការគោរពគ្នាការយោគយល់គ្នា និងផលប្រយោជន៍ទៅវិញទៅមក។ជាការពិតមិត្តភាពនេះ បានក្លាយជាគំរូមួយនៅក្នុងទំនាក់ទំនងអន្តរជាតិ»។
លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោកសូមប្តេជ្ញាយ៉ាងពេញលេញក្នុងការបន្តជំរុញបន្ថែមនូវមិត្តភាពជាប្រពៃណី រវាងយុវជននៃគណបក្សប្រជាជនកម្ពុជា និងយុវជនរបស់គណបក្សកុម្មុយនិស្តចិន ដែលស្ថិតក្រោមការដឹកនាំផ្ទាល់របស់ប្រមុខគណបក្សទាំងពីរ កម្ពុជា-ចិន ព្រមទាំងបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើង៕អត្ថបទ៖ បាន ចក់
