ភ្នំពេញ៖ ការចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោត គឺចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។
ប្រជាពលរដ្ឋទើបគ្រប់អាយុបោះឆ្នោត ក៏ដូចជាប្រជាពលរដ្ឋផ្លាស់ទីលំនៅជាច្រើន ក៏បានបន្តទៅចុះឈ្មោះបោះឆ្នោតនៅតាមទីស្នាកការ គជប នៅតាមសង្កាត់ដែលខ្លួនរស់នៅ។
ដំណើរការ ការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីរឈ្មោះបោះឆ្នោតសម្រាប់ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ក្នុងឆ្នាំ ២០២៣ខាងមុខ គឺបាននឹងកំពុងចាប់ផ្ដើមទូទាំងប្រទេសចាប់ពីថ្ងៃទី ២០ ខែតុលា និងបន្តរហូតដល់ថ្ងៃទី ៨ខែធ្នូឆ្នាំ ២០២២។
កំឡុងពេលនៃចាប់ផ្ដើមដំណើរការសប្ដាហ៍ដំបូងនេះ ប្រជាពលរដ្ឋទាំងយុវជនទើបគ្រប់អាយុ ក៏ដូចជាប្រជាពលរដ្ឋផ្លាស់ទីលំនៅ បានបន្តទៅចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យ គជប នៅតាមសង្កាត់ដែលខ្លួនកំពុងស្នាក់នៅ។
ជាក់ស្ដែងនៅព្រឹកនេះ ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោត នៅទីតាំងការិយាល័យគជប នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ គឺមានចម្រុះវ័យ និងមានទាំងអ្នកមិនធ្លាប់បោះឆ្នោត និងអ្នកដែលផ្លាស់ទីលំនៅថ្មី សុំចុះឈ្មោះបោះឆ្នោតនៅសង្កាត់ និរោធ ។ ពួកគាត់លើកឡើងថា ការចុះឈ្មោះបោះឆ្នោត គឺដើម្បីមានសិទ្ធិក្នុងការបោះឆ្នោត ។
ការបោះឆ្នោត ជាភាពចាំបាច់ ដែលប្រជាពលរដ្ឋគ្រប់អាយុទាំងអស់ អាចមានសិទ្ធិជ្រើសរើសតំណាងរាស្រ្ត ជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ក្នុងរយៈពេលមួយអណត្តិ ៥ឆ្នាំ។
កំឡុងពេលផ្ដល់សេវា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ លោកស្រី ម៉ក់ ច័ន្ទតុលា ជាប្រធាន គជប សង្កាត់និរោធ លើកឡើងប៉ុន្មានថ្ងៃមកនេះ គឺមានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតជាបន្តបន្ទាប់។ លោក ស្រីបន្តថា ការចុះឈ្មោះបោះឆ្នោត គឺទាមទារនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតបញ្ជាក់ទីលំនៅចំពោះ ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅ។
ពាក់ព័ន្ធនឹងចុះឈ្មោះបោះឆ្នោតនេះ កាលពីថ្ងៃចាប់ផ្ដើមដំបូង ឯកឧត្តម ប្រាជ ចន្ទ ជាប្រធានគជប លើកឡើងដែរថា ការចុះបោះឆ្នោតគឺសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា គឺមិនប្រកាន់អ្នកគាំទ្រគណបក្សខាងណានោះទេ គ្រប់គ្នាគឺមានសិទ្ធិដូចគ្នា។ ឯកឧត្តម បានលើកឡើងដែរថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះ តាមការប៉ាន់ស្មានគឺអាចមានចំនួនប្រមាណ ៤០ម៉ឺននាក់៕ អត្ថបទ៖ គឹមហុក