ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាទីសី្តការក្រសួង ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើរកជំនួយពីលោកសាស្រ្តាចារ្យ Nicolas Fiévé (នីកូឡាស់ ផែវេ) នាយកសាលាបារាំងចុងបូព៌ាប្រទេស ទើបទទួលភារកិច្ចថ្មីលើកិច្ចការស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី និងការរៀបចំពង្រីកសារមនី្ទរ ។
លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានលើកឡើងទៀតថា វាជាការងារបន្ថែមដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងធ្វើការអំពាវនាវរកជំនួយផ្នែកបច្ចេកទេសពីសាលាបារាំងចុងបូព៌ា ប្រទេស ក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ជួសជុល និងថែទាំប្រាសាទក្នុងតំបន់អង្គរ និងកិច្ចការផ្នែកវប្បធម៌ផ្សេងៗទៀត ក្រៅពីការងារបេតិកភណ្ឌរូបី និងការងារស្រាវជ្រាវផ្នែកបេតិកភណ្ឌអរូបី ដូចជា៖ នរវិទ្យា ជំនឿទំនៀបទម្លាប់ របាំ ជាពិសេសការងាររៀបចំពង្រីកសារមនី្ទរ។ ថាតើសាលាបារាំងចុងបូព៌ា ប្រទេស អាចផ្តល់ជាអ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំសារមនី្ទរឲ្យក្លាយជាលក្ខណៈស្តង់ដារមួយ? ។
ជាការឆ្លើយតបលោកសាស្រ្តាចារ្យ Nicolas Fiévé (នីកូឡាស់ ផែវេ) បានបង្ហាញពីផែនការ ការងារទៅថ្ងៃអនាគត រួមទាំងផែនការ ការងារជួសជុលប្រាសាទ និងការស្រាវជ្រាវទាក់ទង នឹងប្រវតិ្តសាស្រ្តបុរាណវិទ្យា និងតំបន់ផ្សេងៗ ក៏ដូចជាតំបន់អង្គរ រួមទាំងការងារដែលសាលាបារាំងចុងបូព៌ាប្រទេស បានធ្វើការជាមួយក្រសួងវប្បធម៌នាពេលកន្លងមក និងកំពុងធ្វើទាក់ទងនឹងសារមនី្ទរជាតិ។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យ ក៏មានបំណងបន្តធ្វើកិច្ចសហប្រតិបតិ្តការនាពេលអនាគត លើការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងក្របខណ្ឌរួម ដែលធ្លាប់បានធ្វើការបណ្តុះបណ្តាលរួចមកហើយ អំពីកម្រិតអនុបណ្ឌិត នៅមហាវិទ្យាល័យបុរាណវិទ្យា។ នេះជាផែនការ ដែលទើបមកទទួលអណតិ្តថ្មីរបស់លោកសាស្រ្ត និងជាដំណើរលើកដំបូងមកកាន់កម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបតិ្តការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ា៕អត្ថបទ រដ្ឋា




