ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តបារាំង Sebastian Ogier បានប្រជែងឈ្នះការប្រណាំង Rally ពិភពលោកនៅទឹកដីអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ធ្វើឱ្យក្រុមប្រណាំង Toyota Gazoo Racing គ្រប់ពិន្ទុគ្រងជើងឯកពិភពលោក។

កីឡាករបារាំងរូបនេះបានបញ្ចប់ការប្រកួតជាមួយនឹងថេរវេលា ១៦.៤វិនាទី ល្អជាងអ្នកលេខ២ កីឡាកររបស់ក្រុម Hyundai សញ្ជាតិប៊ែលហ្ស៊ិក Thierry Neuville។ កីឡាករហ្វាំងឡង់ Kalle Rovanpera ដែលគ្រប់ពិន្ទុគ្រងជើងឯកពិភពលោកកាលពីដើមខែតុលានោះ បានបញ្ចប់ការប្រកួតនៅអេស្ប៉ាញនេះចំណាត់ថ្នាក់លេខ៣។ ខណៈដែលនៅសល់តែ ១ជុំទៀតបញ្ចប់រដូវកាល ២០២២ នេះ ក្រុមប្រណាំង Toyota Gazoo Racing បាននាំមុខដាច់ក្រុមលេខ២ Hyundai Motorsport ដល់ទៅ ៩៣ពិន្ទុ។ ការប្រកួតបិទរដូវកាល Rally ពិភពលោកនឹងបញ្ចប់នៅទឹកដីជប៉ុនពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ