បាត់ដំបង៖ អគ្គព្រះរាជអាជ្ញាសាលាសាលាឧទ្ធរណ៍ខេត្តបាត់ដំបង លោក នួន សាន ចូលរួមថវិកាចំនួន ១០លានរៀល ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី សម្រាលក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់។
លោកអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានឱ្យដឹងថា សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំយកចិត្តទុកដាក់គិតគូរខ្ពស់ពីបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅតាមបណ្តាលខេត្ត ដែលទទួលរងបញ្ហាទឹកជំនន់ធ្វើប្រជាពលរដ្ឋនៅតាមតំបន់ដែលរងការជន់លិចមួយចំនួនត្រូវបានអាជ្ញាធរធ្វើការជម្លៀសមកទីទួលមានសុវត្ថិភាព និងបានផ្គត់ផ្គង់នូវបញ្ហាខ្វះខាតនានាជូនពលរដ្ឋក្នុងគ្រាលំបាកនេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងអំណរព្រះគុណ សម្ដេចសង្ឃ នៃគណៈសង្ឃមហានិកាយ និងអរគុណដល់សប្បុរសជននានា ដែលចូលរួមឧបត្ថម្ភស្បៀង ព្រមទាំងថវិកាដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ១៨ភាគរយ ស្មើនឹង ប្រមាណជិត ២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារ៕


