ភ្នំពេញ ៖ បន្ទាប់ពីជនអគតិមួយចំនួនបានញុះញង់ដល់ប្រជាពលរដ្ឋ កុំទៅចាក់វ៉ាក់សាំងប្រទេសចិន និងត្រូវទៅប្រជ្រៀតគ្នា ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19ថ្មី ដែលមិនទាន់មកដល់ប្រទេសកម្ពុជានោះ ប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១២ខែ មេសានេះបានចាត់ទុកការញុះញង់នេះ គឺដើម្បីចង់ទទួលផលប្រយោជន៍ផ្ទាល់ខ្លួនឯងប៉ុណ្ណោះ ពោលគឺមិនបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋពិតប្រាដកនោះទេ។
ជាថ្មីម្តងទៀត ប្រជាពលរដ្ឋ បានបង្ហាញភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19។បើតាមពលរដ្ឋមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១២ខែ មេសានេះ បានប្រាប់BTVថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី តែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាធំ មិនដូចជនអគតិរត់ចោលស្រុក ដើរញុះញង់ប្រជាជនមិនឱ្យចាក់វ៉ាក់សាំង និងប្រើល្បិចបោកបញ្ឆោតផ្សេងៗទៀត ដើម្បីផលប្រយោជន៍ខ្លួននោះទេ។
ជាការកត់សំគាល់ បន្ទាប់ពីមានវត្តមានវ៉ាក់សាំងចិនមកដល់ប្រទេសកម្ពុជានោះ ក្រុមឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទៅបរទេស បានធ្វើការញុះញង់ដល់ប្រជាពលរដ្ឋកុំទៅចាក់វ៉ាក់សាំងរបស់ចិននោះទេ ដោយបំភ្លៃការពិតថា វ៉ាក់សាំងចិននេះ មានបញ្ហាដល់សុខភាព និងមានគ្រោះថ្នាក់ដល់ជីវិតជាដើមនោះ។បើទោះបីជាមានការអំពាវនាវក្តី ប្រជាពលរដ្ឋស្តាប់តាមការញុះញង់នោះទេ ដោយពួកគាត់បានទៅចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ឈរលើគោលការណ៍ស្ម័គ្រចិត្ត។
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចំនួន៣ប្រភេទចាក់ជូនពលរដ្ឋរួមមាន ៖ ទី១.វ៉ាក់សាំងSinopharm ដែលជាជំនួយរបស់ប្រទេសចិន ត្រូវចាក់ជូនមនុស្សដែលវ័យចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ។ទី២.វ៉ាក់សាំង Covishield ផលិតនៅប្រទេសឥណ្ឌាទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុន Astra Zeneca ក្រោមគម្រោង Covac ដែលមានកិច្ចសម្របសម្រួលពីអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ(UNICEF) ចាក់ជូនពលរដ្ឋមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ។ និងទី៣.វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់ជូនពលរដ្ឋដែលមានវ័យចាប់ពី១៨ឡើងទៅ។វ៉ាក់សាំងទាំងបីប្រភេទនេះ គ្រប់គ្រងដោយក្រសួងសុខាភិបាល នឹងបែបចែកចាក់ជូនក្រុមអាទិភាពតាមលំដាប់លំដោយ៕
អត្ថបទ៖ទូច សោភ័ណ