ប្រណាំងម៉ូតូ៖ កីឡាករប្រណាំងម៉ូតូអ៊ីតាលី Francesco Bagnaia បានបោះមួយជំហានទៀតក្នុងដំណើរឆ្ពោះទៅគ្រងជើងឯក MotoGP ពិភពលោកក្រោយប្រជែងឈ្នះការប្រកួតនៅទឹកដីម៉ាឡេស៊ី។ កីឡាកររបស់ក្រុមប្រណាំង Ducati រូបនេះចេញដំណើរបានយ៉ាងល្អដោយងើបពីលេខ៩ ដល់លេខ២ នៅពីក្រោយ Jorge Martin ត្រឹមជុំទី១។

ក្រោយមក Jorge Martin ក៏បានដួលនៅជុំទី៩ ដើរចេញពីការប្រកួតហើយ Bagnaia ក៏ឡើងមកនាំមុខគេរហូតដល់ចប់កការប្រកួត។ លេខ២ ក្នុងការប្រកួតនៅម៉ាឡេស៊ីនេះបានទៅកីឡាករអ៊ីតាលីផងដែរ Enea Bastianini និងលេខ៣ កីឡាករបារាំង Fabio Quartararo។ កីឡាកររបស់ក្រុម Yamaha, Fabio Quartararo នៅសល់ឱកាសតិចតួចក្នុងការប្រជែងជើងឯកនៅទីលានចុងក្រោយនៅទឹកដី Valencia ប្រទេសអេស្ប៉ាញ។ Francesco Bagnaia ត្រូវការត្រឹមបញ្ចប់យ៉ាងហោចណាស់លេខ១៤ ប៉ុណ្ណោះនៅទឹកដី Valencia នៅថ្ងៃទី៦ ខែវិច្ឆិកាដើម្បីគ្រងជើងឯកពិភពលោកលើកដំបូងក្នុងអាជីព ហើយគេក៏អាចក្លាយជាកីឡាករអ៊ីតាលីដំបូងដែលគ្រងជើងឯក MotoGP ផងដែររាប់ពីឆ្នាំ២០០៩ ដែលធ្វើបានដោយ Valentino Rossi៕
អត្ថបទ៖នាង សុភាវុធ