ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញញត្តិថ្កោលទោសដាច់អហង្ការបំផុតចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃព្រជាជាតិខ្មែរទូទាំងនគរថា«មិនមានមនសិការជាតិ និងក្បត់ជាតិ»។
យោងតាមញត្តិរបស់ក្រសួងយុត្តិធម៌ ដែលបានចេញនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងថា«យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទូទាំងនគរ ថា «មិនមានមនសិការជាតិ» និង «ក្បត់ជាតិ»។
ញត្តិរបស់ក្រសួងយុត្តិធម៌បានសង្កត់ធ្ងន់ទៀតថា «ការប្រមាថរបស់ទណ្ឌិតជាប់ទោសក្បត់ជាតិ ខាងលើនេះ ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា«ក្បត់ជាតិ» គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គ ព្រះមហាក្សត្រ និងអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល»។
តាមរយៈញត្តិនេះក្រសួងយុត្តិធម៌ សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នាជាប្រជានុរាស្ត្រខ្មែរគ្រប់រូបសូមប្ដេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទនិងដង្ហែតាមអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នាដែលជាប្រជានុរាស្ត្រខ្មែរ៕ អត្ថបទ៖ បាន ចក់
