ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងគណបក្សនយោបាយនានានៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ និងញត្តិជាបន្តបន្ទាប់ដោយធ្វើការថ្កោលទោសដាច់អហង្ការបំផុតចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរទូទាំងនគរថា«មិនមានមនសិកា»ជាតិ និង«ក្បត់ជាតិ»។
យោងតាមសេចក្តីថ្លែងការណ៍ និងញត្តិ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងថា បានលើកឡើងថា ក្នុងនាមជាពលរដ្ឋខ្មែរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលថ្លើមពាសមេឃហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទូទាំងនគរ ថា «មិនមានមនសិការជាតិ» និង «ក្បត់ជាតិ»។
សេចក្តីថ្លែងការណ៍ និងញត្តិបានលើកឡើងទៀតដូចៗគ្នាថា «ការប្រមាថរបស់ទណ្ឌិតជាប់ទោសក្បត់ជាតិ ខាងលើនេះ ចំពោះអង្គព្រះមហាក្សត្រនៃព្រះរាជា-ណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា«ក្បត់ជាតិ» គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គ ព្រះមហាក្សត្រ និងអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល»។
ជាមួយគ្នានោះដែរ សេចក្តីថ្លែងការណ៍ និងញត្តិ សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នាជាប្រជានុរាស្ត្រខ្មែរគ្រប់រូបសូមប្ដេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទនិងដង្ហែតាមអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នាដែលជាប្រជានុរាស្ត្រខ្មែរ៕ អត្ថបទ ៖ បាន ចក់






