ភ្នំពេញ ៖ តំណាងមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ អំពាវនាវដល់អ្នកជាប់ពន្ធលើប្រាក់បៀរវត្សទាំងអស់ គោរពបទប្បញ្ញត្តិ ស្តីពីពន្ធដារ និងត្រូវអនុវត្តឲ្យបានទៀងទាត់ ព្រោះការចូលរួមបង់ពន្ធរបស់អស់លោកអ្នក គឺជាការចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍន៍ របស់ប្រទេសជាតិយើង ។
លោក សុង កុសល ប្រធានការិយាល័យចាត់ចែងលិខិតប្រកាស នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៅអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងកម្មវិធីពន្ធដារកម្ពុជា ស្តីពី ពន្ធលើប្រាក់បៀវត្ស នៅចុងសប្តាហ៍កន្លងមកនេះថា ពន្ធលើប្រាក់បៀរវត្សគឺជាពន្ធត្រូវបង់ប្រចាំខែ ដែលបានកំណត់បៀវត្សលើរូបវន្តបុគ្គល បានទទួលនៅក្នុងក្រប ខណ្ឌបំពេញការងារ ក្នុងនោះរូបវន្តបុគ្គលនិវាសនជននៅកម្ពុជា គឺត្រូវជាប់ពន្ធលើប្រាក់បៀវត្សគ្រប់ប្រភព ទាំងប្រភពនៅកម្ពុជា និងប្រភពបរទេស។ ដោយឡែកអនិវាសនជនកម្ពុជាក៏ត្រូវជាប់ពន្ធនៅកម្ពុជាផងដែរ ប្រសិនរូបវន្តបុគ្គលនោះ មានសកម្មភាពបំពេញការងារ ដើម្បីទទួលបានប្រាក់បៀរវត្ស ។
លោក បន្តថា និយោជកត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធនេះ ទោះបីនិយោជបើកប្រាក់បៀរវត្ស ប្រចាំអាទិត្យ ឬ ពាក់កណ្តាលខែ ក្នុងនោះ ទូរលេខប្រាក់បៀរវត្សដែលបំពេញបានក្នុងមួយខែ គឺត្រូវបូកបញ្ចូលគ្នា ហើយប្រកាសមករដ្ឋបាលសារពើពន្ធ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២០ ខែបន្ទាប់ ។ ដូច្នេះនិយោជក ឬអង្គភាព ស្ថាប័ន អ្នកកាន់បញ្ជីការលើប្រាក់បៀរវត្សទាំងអស់ សូមគោរពបទប្បញ្ញត្តិ ស្តីពីពន្ធដារ ដើម្បីចៀសវាងការពិន័យផ្សេងៗ, ការចូលរួមបង់ពន្ធរបស់អស់លោកអ្នក គឺជាការចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិយើង ។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលកន្លងមកនេះ បានប្រកាសណែនាំនៃការអនុវត្តន៍អត្រាពន្ធលើប្រាក់បៀរវត្សថ្មី លើការអនុវត្តន៍អត្រាកំណើនតាមថ្នាក់ថ្មី ចំពោះសហគ្រាសអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គភាពនានា ដែលមានកាតព្វកិច្ចកាត់ទុកនិងបង់ពន្ធលើប្រាក់បៀរវត្ស ដែលត្រូវអនុវត្តន៍អត្រាកំណើនតាមថ្នាក់ថ្មី ក្នុងនោះ ចំពោះបៀរវត្សជាប់ពន្ធប្រចាំខែ ដោយប្រាក់បៀរវត្ស ចាប់ពី ១ ៣០០ ០០ រៀល ដល់ ២ ០០០ ០០០ មានអត្រាពន្ធ ៥%, បៀរវត្សពី ២ ០០០ ០០១ រៀល ដល់ ៨ ៥០០ ០០០ រៀល អត្រា ១០%, និងពី ៨ ៥០០ ០០១ រៀល ដល់ ១២ ០០០ ០០០ រៀល អត្រាពន្ធ ១៥% និងលើសពី ១២ ៥០០ ០០០ រៀល គឺមានអត្រាប្រាក់ ២០% ៕
អត្ថបទ៖ សុន រ៉ាឌី