
ព្រៃវែង៖ ថ្មីៗនេះបន្ទាប់ពីបានឃើញវីដេអូ តាមរយៈបណ្តាញសង្គម Tik Tok ពីជីវិតដូនចាស់ជរាម្នាក់រស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោមម្នាក់ឯង។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយសាខាខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួនជូនដល់លោកយាយ ជិន ភឿន អាយុ៨៥ឆ្នាំ រស់នៅភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
ក្នុងឱកាសជួបសួរសុខទុក្ខដូនចាស់វ័យ៨៥ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយ។ លោកជំទាវបានបញ្ជាក់ថា៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានអំពីភាពក្រលំបាករបស់លោកយាយ សម្តេចបានសម្តែងនូវក្តីអាណិតអាសូរ ហើយបានចាត់ឱ្យក្រុមការងារចុះមកភ្លាមៗ ដើម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្ដែង និងនាំយកអំណោយជួយសម្រាលការលំបាក ក្នុងការរស់នៅរបស់លោកយាយ។ ទន្ទឹមនឹងនេះ ដោយហេតុថាលោកយាយ ក៏នៅមានកូនចៅនៅក្បែរ ដែលជួយមើលថែទាំផងដែរ ប៉ុន្តែ ដោយសារតែបំណងរបស់លោកយាយ ដែលចង់រស់នៅតែម្នាក់ឯងនោះ ទើបធ្វើឱ្យស្ថានភាពរបស់លោកយាយ មានការលំបាកដូចពេលនេះ។ ហេតុដូចនេះ សូមឱ្យកូនៗ ចៅៗ នៅបន្តថែទាំលោកយាយ បំពេញកតញ្ញូ ឱ្យគាត់រស់នៅបានល្អប្រសើរបន្តទៅមុខទៀត។»
ជាមួយគ្នានោះដែរ ដោយមើលឃើញថា ផ្ទះរបស់លោកយាយមានសភាពចាស់ទ្រុឌទ្រោម ហើយដំបូលលិចទឹកផងនោះ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានណែនាំដល់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមេសាង ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ជួយជួសជុលផ្ទះ និងរៀបចំលំនៅដ្ឋានរបស់លោកយាយ ឱ្យបានសមរម្យ ឱ្យខ្ពស់ផុតពីទឹក ហើយមានបន្ទប់ទឹកក្នុងផ្ទះ កុំឱ្យលោកយាយពិបាកដើរចេញក្រៅ ទៅរកបន្ទប់ទឹកឆ្ងាយដូចមុន ដែលការចំណាយក្នុងរៀបចំផ្ទះជូនលោកយាយ គឺជាបន្ទុករបស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកយាយ ជិន ភឿន បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលើនេះ បានសម្តែងនូវក្តីរំភើប សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានគិតគូរ ពីជីវភាពរស់នៅ រួមជាមួយអំណោយមនុស្សធម៌ ជួយសម្រាលការលំបាក និងការជួយជួសជុលផ្ទះឱ្យបានសមរម្យទៀតផង។
សូមជម្រាបថា បន្ទាប់ពីបានសួរសុខទុក្ខ និងប្រគល់អំណោយជូនលោកយាយ ជិន ភឿន រួច លោកជំទាវ អគ្គលេខាធិការរងទី១ កក្រក បានបន្តដឹកនាំក្រុមការងារនាំយកអំណោយជូនដល់ ជនចាស់ឥតទីពឹង និងស្ត្រីមេម៉ាយចំនួន ៣០គ្រួសារទៀត រស់នៅឃុំចំនួន២ នៃស្រុកមេសាង ខេត្តព្រៃវែង។ ដោយគ្រួសារនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត(សារុង ក្រមា មុង ភួយ)១កញ្ចប់ និងថវិកាមួយចំនួន៕ អត្ថបទ៖ សំ ងីម





