កំពង់ឆ្នាំង ៖ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និងឃុំស្រែថ្មី ស្រុករលាប្អៀរ អំពីការបើកសំឡេងរំខានដំណេកប្រជាពលរដ្ឋពីសំណាក់ម្ចាស់ហាង LH ស្រាក្រឡុករួចមក នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាអោយលោកអធិការរងក្រុងកំពង់ឆ្នាំង ចុះធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរកស៊ីតែរំខានដល់ប្រជាពលរដ្ឋ និងអ្នកជិតខាង។
លោកវរសេនីយ៍ទោ នៅ ផល្លី អធិការរងក្រុងកំពង់ឆ្នាំងបានអោយដឹងថា : ក្រោយពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តភ្លាម លោកបានដឹកនាំកម្លាំងចុះមកដល់ទីតាំងស្រាក្រឡុក LH ដែលមានម្ចាស់ឈ្មោះ លីម ហ៊ុយ ភេទប្រុស អាយុ២៥ឆ្នាំ បានព្រមព្រៀងធ្វើកិច្ចសន្យាបញ្ឈប់ការបើកសំឡេងបង្ករការរំខានដល់អ្នកជិតខាង និងប្រជាពលរដ្ឋនៅក្បែរខាងតទៅទៀត។
គួររំលឹកថា : ហាងស្រាក្រឡុកLHនេះ តែងចាក់ធុងបាស់បង្ករការរំខានដល់ដំណេកប្រជាពលរដ្ឋរៀងរាល់យប់ គឺចាក់រហូតដល់ម៉ោង២យប់តែម្តង។ ក្រោយពីដឹងព័ត៌មានភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអោយកម្លាំងចុះបញ្ឈប់ភ្លាមតែម្តង ។ ប្រសិនបើថ្ងៃក្រោយមានការចាក់ធុងបាសរំខានហួសពីម៉ោង១១យប់ទៅ គឺត្រូវអនុវត្តច្បាប់តែម្តង៕ ហុង វាស្នា



