ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់។
សូមជម្រាបថា ខេត្តពោធិ៍សាត់ បានជួបនូវទឹកជំនន់ ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក, ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។ ទឹកជំនន់នៅពោធិ៍សាត់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។
គ្រោះទឹកជំនន់នៅពោធិ៍សាត់ បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ហិកតា, ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន នៅតែសម្តែងសមានទុក្ខ និងសោកស្តាយបំផុត ចំពោះហេតុយការណ៍ស្លាប់បាត់បង់ជីវិតសិស្សសាលាចំនួន ១១នាក់ ដោយលិចទូក-ដចម្លង នៅឃុំកំពង់ភ្នំ ស្រុកលើដែក ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ដែលជាផ្នែកមួយនៃមហន្តរាយដោយទឹកជំនន់ផងដែរ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល មិនបានព្រងើយកន្តើយ ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិ ជាយថាហេតុណាមួយ ដែលយើងមិននឹកស្មានដល់។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ និងកោតសរសើរ ដល់ឯកឧត្តមនាយកឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះអន្តរាគមន៍ជាបន្ទាន់ ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
- សម្តេចតេជោ ហ៊ុន សែន បានពាំនាំព្រះរាជបន្ទូលផ្តាំផ្ញើ សាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិ៍សាត់។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ថ្មីៗនេះសម្តេចទើបបានទទួលជំនួយជាអង្ករចំនួន ៧០០តោនបន្ថែមទៀត ពីសប្បុរសជនក្នុងស្រុក ដោយសម្តេចបានចែកចែកទៅកាន់បណ្តាខេត្តនានា ដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយអ្នកដែលទទួលបន្ទុកក្នុងការដឹកជញ្ជូន និងចែងចែក គឺឯកឧត្តម នាយកឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែលជឿជាក់លើការដឹកនាំរបស់សម្តេច ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា «ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ នៅតែបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតនាពេលបន្តបន្ទាប់នៅពេលក្រោយ»។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជនខ្មែរ ដើម្បីប្រជាពលរដ្ឋខ្មែរ។ សម្តេចបញ្ជាក់ថា «យើងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ឬរងភាពលំបាកលំបិន ដោយយើងមិនបានដឹង និងមិនបានដោះស្រាយឡើយ»។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះ មានរយៈពេល ៥ថ្ងៃហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មីដោយជំងឺកូវីដ-១៩ ហើយមានរយៈពេលច្រើនខែហើយ ដែលកម្ពុជាមិនមានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ ដែលជាភាពជោគជ័យ នៃវិធានការសុខាភិបាល និងប្រសិទ្ធភាព នៃគុណភាពវ៉ាក់សាំងកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តមានវិធានការការពារខ្លួន ពីការឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ទាំងដូសមូលដ្ឋា និងដូសជំរុញឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់គ្រូពេទ្យ។
- សម្តេចតេជោ ហ៊ុនសែន ប្រកាសថ្កោលទោសដាច់អហង្ការបំផុតចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថា«មិនមានមនសិកាជាតិ និងក្បត់ជាតិ»។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តពោធិ៍សាត់ បានធ្វើសកម្មភាពសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនថែមទៀត នូវការបោះឆ្នោតនាពេលក្រោយៗទៀត។
សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៧ និង៥៤នាទី