សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ពុំមានក្ស័យធន ក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដល់ពលរដ្ឋរងគ្រោះនោះទេ ហើយការទទួលបាននូវស្បៀងអាហារជាបន្តបន្ទាប់ ពីសប្បុរសជននានា មិនមែនជាការរាយអង្គាស ដូចការចោទប្រកាន់របស់ពួកប្រឆាំងនោះដែរ ។

ក្នុងពិធីចែកស្បៀងអាហារ និងពូជស្រូវ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្ដេតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ព្រះសង្ឃ សប្បុរសជននានា ដែលបានចូលរួមនូវស្បៀងអាហារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅឆ្នាំ២០២២នេះ ដែលសម្ដេចបានចាត់ទុកថា នេះជាប្រពៃណីរបស់ពលរដ្ឋខ្មែរ ដែលតែងតែជួយគ្នាក្នុងគ្រាលំបាក ។
សម្ដេចតេជោ បានបន្តថា សម្រាប់ការទទួលនូវស្បៀងអាហារ ពីសប្បុរសជន ជាការចូលរួមដោយទឹកចិត្តសប្បុរសធម៌ មិនមានការរាយអង្គាស ដូចការចោទប្រកាន់របស់ពួកប្រឆាំង មកលើរាជរដ្ឋាភិបាល ។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការចូលរួមបន្ថែមពីសប្បុរសជន ដែលបានចូលរួមនូវអង្ករចំនួន ៥០០តោន ចំពោះរាជរដ្ឋាភិបាល ហើយសម្ដេចបានបែងចែកអង្ករទាំងអស់នោះទៅខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង និងកំពង់ឆ្នាំង សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។
គួរបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតី ចែកស្បៀងអាហារ និងស្រូវពូជ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ រួចរាល់ហើយ នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ និងគ្រោងបន្តចែកពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ព្រៃវែង និងខេត្តកំពង់ធំ ៕ អត្ថបទ៖ បាន សុខរិទ្ធិ