អង់គ្លេស៖ លោក Rishi Sunak បានក្លាយជានាយករដ្ឋមន្ត្រីហិណ្ឌូដំបូងរបស់ចក្រភពអង់គ្លេស ជាមេដឹកនាំឈាមជ័រអាស៊ីដំបូង និងក្មេងជាងគេបំផុតក្នុងរយៈពេលជាង ២០០ឆ្នាំដោយលោកមានអាយុត្រឹមតែ ៤២ឆ្នាំប៉ុណ្ណោះ។ លោក Sunak បានកើតនៅក្នុងទីក្រុង Southampton ឪពុកម្ដាយមានដើមកំណើតឥណ្ឌានៅរដ្ឋ Punjab ដែលបានធ្វើអន្តោប្រវេសន៍ពីអាហ្វ្រិកខាងកើតទៅចក្រភពអង់គ្លេសក្នុងទសវត្សរ៍ឆ្នាំ1960។
លោកបានទទួលការអប់រំនៅមហាវិទ្យាល័យ Winchester និងសិក្សាទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច (PPE) នៅមហាវិទ្យាល័យ Lincoln, Oxford និងបានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលពាណិជ្ជសាស្ត្រ ពីសាកលវិទ្យាល័យ Stanford ក្នុងរដ្ឋ California ក្នុងនាមជានិស្សិតមិនមែនជនជាតិអាមេរិក។ លោក Sunak ត្រូវបានជ្រើសរើសជាសមាជិកសភាប្រចាំមណ្ឌល Richmond ក្នុងតំបន់ North Yorkshire ក្នុងការបោះឆ្នោតសកលឆ្នាំ2015 ដោយបានផ្ដួលលោក William Hague។ លោក Sunak បានគាំទ្រការបញ្ចប់សមាជិកភាពពីសហភាពអឺរ៉ុប ឬ Brexit ក្នុងឆ្នាំ2016។ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោកស្រី Theresa May លាលែងពីតំណែង លោក Sunak បានគាំទ្រយុទ្ធនាការរបស់លោក Boris Johnson ក្លាយជាមេដឹកនាំគណបក្សអភិរក្សនិយម។ បន្ទាប់ពីលោក Johnson ត្រូវបានជ្រើសរើស និងតែងតាំងជានាយករដ្ឋមន្ត្រី លោកបានតែងតាំង Sunak ជារដ្ឋមន្ត្រីរតនាគារ។ លោក Sunak បានជំនួសលោក Sajid Javid ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បន្ទាប់ពីការលាលែងរបស់លោកនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីខែកុម្ភៈ ឆ្នាំ2020។
លោកបានលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ2022 ក្រោយមកលោក Johnson ក៏បានលាលែងពីតំណែង ស្របពេលជួបវិបត្តិក្នុងរដ្ឋាភិបាល។ លោក Sunak បានឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សអភិរក្ស ដើម្បីជំនួសលោក Johnson ហើយបានចាញ់លោកស្រី Liz Truss ក្នុងការបោះឆ្នោតក្នុងបក្ស។ បន្ទាប់ពីការលាលែងពីតំណែងរបស់លោកស្រី Truss ខណៈមានវិបត្តិរដ្ឋាភិបាលមួយផ្សេងទៀត លោក Sunak ត្រូវបានបោះឆ្នោតជ្រើសរើសដោយមិនមានការជំទាស់ ក្នុងឋានៈជាមេដឹកនាំនៃគណបក្សអភិរក្សនិយម ហើយត្រូវបានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងគេមានឈាមជ័រអាស៊ីខាងត្បូង និងជានាយករដ្ឋមន្ត្រីដែលមិនមែនជាជនជាតិស្បែកសដំបូងគេ របស់ចក្រភពអង់គ្លេសនៅក្នុងរយៈពេល ៣០១ឆ្នាំក្នុងប្រវត្តិសាស្ត្រ៕
អត្ថបទ៖ សុខមាន