ជឺជិតស៊ូ៖ លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជាបានណែនាំឲ្យមន្ដ្រីបច្ចេកទេស ក៏ដូចជាមន្ដ្រីក្រោមឱវាទត្រូវមានភាពជាគំរូ រាល់គ្រប់សកម្មភាព និងទង្វើរបស់ខ្លួន ដើម្បីបង្ហាញភាពជាអ្នកដឹកនាំល្អ ហើយជំរុញវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។
ការគូសបញ្ជាក់ដូច្នេះធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេសកីឡាជឺជិតស៊ូកម្រិតមូលដ្ឋានឆ្នាំ២០២២ កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈថ្នាក់ដឹកនាំបានចាត់ទុកវគ្គនេះគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សត្រៀមឆ្ពោះទៅរៀបចំស៊ីហ្គេមឆ្នាំ២០២៣។ ឆ្លៀតឱកាសនេះ ប្រធានសហព័ន្ធដដែលបានលើកទឹកចិត្តសិក្ខាកាមទាំងអស់ ត្រូវបន្តការខិតខំអភិវឌ្ឍសមត្ថភាពបន្ថែមដើម្បីត្រៀមចូលរួមដឹកនាំ និងរៀបចំការប្រកួត អំឡុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម បន្ទាប់ពីកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ លោកសង្ឃឹមថា អ្នកពាក់ព័ន្ធក្នុងវិស័យកីឡានេះទាំងអស់នឹងចាប់ដៃគ្នាប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកសមិទ្ធផលល្អ និងកិត្តិយសជូនជាតិមាតុភូមិ។
បន្ថែមពីលើនេះ លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់គោរពឲ្យបាននូវវិន័យ សកម្មភាពរបស់ខ្លួន និងទង្វើរបស់ខ្លួន ក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើឲ្យបានល្អប្រសើរ ដើម្បីជាគំរូល្អដល់អ្នកក្រោមឱវាទ ព្រោះទាំងអាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេសទាំងអស់គឺត្រូវបានចាត់ទុកជាអ្នកដឹកនាំហើយ ពិសេសក្នុងនាមអ្នកកាត់សេចក្ដីត្រូវមានស្មារតីប្រកបដោយសុក្រឹតភាព យុត្តិធម៌ឲ្យស្របតាមស្មារតីកីឡា។ លោក សៀន សុភក្ត្រ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលមូលដ្ឋានលើកដំបូងនេះមានរយៈពេល ៤ថ្ងៃពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា ដោយមានសិក្ខាកាម ៤៩រូបចូលរួមដែលបង្រៀន និងចែករំលែបទពិសោធន៍ដោយគ្រូឧទ្ទេស ៥រូបរួមមានគ្រូឧទ្ទេសខ្មែរ ២នាក់ ថៃម្នាក់ ហូឡង់ម្នាក់ និងអាមេរិកម្នាក់ ដោយផ្តោតសំខាន់លើ ៥មុខសំខាន់ៗ រួមមានអាជ្ញាកណ្តាល Ne-Waza គ្រូបង្វឹក Coach Fighting System អាជ្ញាកណ្តាល Duo Show គ្រូបង្វឹក Coach Duo Show និងមេរៀន Sport Data៕
អត្ថបទ៖ លី ឈុនឡា