មីយ៉ាន់ម៉ា៖ របាយការណ៍ជាច្រើននិយាយថា ការវាយឆ្មក់ដាក់គោលដៅលើក្រុមមួយក្នុងចំណោមក្រុមបះបោរ ជនជាតិភាគតិចធំបំផុតជាច្រើនរបស់សហភាពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨០នាក់ និងបណ្ដាលឲ្យមនុស្សប្រមាណ ១០០នាក់ផ្សេងទៀតរងរបួស។

ចំនួនអ្នកស្លាប់ត្រូវបានផ្ដល់ឲ្យទូរទស្សន៍ BBC ដោយលោកវរសេនីយ៍ឯក Naw Bu អ្នកនាំពាក្យកងទ័ពឯករាជកាជីន (Kachin)។ សាក្សីជាច្រើននៅរដ្ឋកាជីនភាគខាងជើងសហភាពមីយ៉ាន់ម៉ានិយាយថា យន្តហោះបានទម្លាក់គ្រាប់បែក ៣គ្រាប់លើកន្លែងប្រគំតន្ត្រីមួយរៀបចំដោយក្រុមកងទ័ពឯករាជកាជីនក្នុងភូមិ Kansi។ ក្រុមអ្នកភូមិនិយាយថា ពុំមានការព្រមានជាមុនទេ មុនការវាយឆ្មក់នេះ។ ការប្រគំតន្ត្រីនៅក្នុងភូមិ Kansi គឺជាការប្រារព្ធខួបលើកទី ៦២ឆ្នាំនៃយុទ្ធនាការកងទ័ពរបស់ក្រុមឧទ្ទាមសម្រាប់ស្វយ័តភាព។
សាក្សីជាច្រើនបានរាយការណ៍ថា មានការផ្ទុះ ៣កន្លែងធំៗនៅម៉ោងប្រហែល 20:30នាទីម៉ោងក្នុងស្រុកកាលពីថ្ងអាទិត្យ។ គ្រាប់បែកទាំងនោះបានបំផ្លិចបំផ្លាញអគារជាច្រើននៅមូលដ្ឋាននោះ និងបានបណ្ដាលឲ្យមនុស្សស្លាប់របួសយ៉ាងច្រើន នៅក្នុងចំណោមអ្នកមើលព្រឹត្តិការណ៍ប្រគំតន្ត្រីនោះ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះត្រូវគេជឿថា មានតារាចម្រៀងដ៏ល្បីល្បាញចំនួន ៤នាក់របស់រដ្ឋកាជីនផងដែរ៕
អត្ថបទ៖ សុខមាន