បាល់ទាត់៖ អ្នកចាត់ការ Manchester City លោក Pep Guardiola បានកោតសរសើរខ្សែបម្រើអង់គ្លេស Jude Bellingham ពេញៗមាត់មុនជួប Dortmund យប់នេះនៅទឹកដីអាល្លឺម៉ង់ក្របខណ្ឌ UEFA Champions League។ Manchester City ធ្វើដំណើរទៅទឹកដី Borussia Dortmund រាត្រីនេះដែលជាប្រកួតទី៥ ក្នុងពូល G ខណៈដែលក្រុមជើងឯកអង់គ្លេសមួយនេះធានាបានកៅអីនៅវគ្គបន្ទាប់រួចហើយ។

ខ្សែបម្រើអង់គ្លេសវ័យ ១៩ឆ្នាំ Jude Bellingham បានស៊ុតបញ្ចូលទី ២លើករួចហើយក្នុងជំនួបទល់នឹងក្រុមរបស់លោក Pep។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា Bellingham គ្រប់គ្នាក៏បានដឹងថា កីឡាកររូបនេះមានមួយកញ្ចប់ ជាពិសេសមានវ័យទើប ១៩ឆ្នាំ និងថែមទាំងជាប្រធានក្រុមទៀត។ Jude Bellingham ដែលធ្លាប់បង្ហាញខ្លួននៅក្រុមជម្រើសជាតិអង់គ្លេស ១៧លើកបានផ្លាស់ទៅកាន់ Dortmund កាលពីឆ្នាំ២០២០ ពី Birmingham City ក្នុងវ័យត្រឹម ១៧ឆ្នាំប៉ុណ្ណោះ។ Bellingham បានស៊ុតបញ្ចូលទី ១៨គ្រាប់ និងបោះបញ្ជូន ២០បាល់ក្នុងការបង្ហាញខ្លួន ១០៧ ឱ្យក្លិបអាល្លឺម៉ង់ និងចុងក្រោយស៊ុតបញ្ចូលទីពីរគ្រាប់ឱ្យ Dortmund យកឈ្នះ Stuttgart ៥-០ ចុងសប្តាហ៍កន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ