ឥណ្ឌូនេស៊ី៖ មន្ត្រីដឹកជញ្ជូនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣នាក់ស្លាប់បន្ទាប់ពីទូកមួយគ្រឿងផ្ទុកមនុស្សរាប់រយនាក់បានឆេះ នៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ។ ទូក KM Express Cantika 77 បានផ្ទុះឆេះបញ្ចេញអណ្ដាតភ្លើងនៅឆ្នេរសមុទ្រកោះទីម័រក្នុងខេត្ត East Nusa Tenggara បណ្តាលឱ្យអ្នកដំណើរដែលអស់សង្ឃឹមលោតចេញពីលើទូក។

លោក Isyak Nuka ប្រធានទីភ្នាក់ងារដឹកជញ្ជូនខេត្ត East Nusa Tenggara បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានសង្គ្រោះមនុស្ស ២៤១នាក់ក្នុងចំណោមអ្នកដំណើរ និងនាវិក ២៥៤នាក់។ លោក Nuka និយាយថា មនុស្ស ១៣នាក់បានស្លាប់ ខណៈ ២៤១នាក់ផ្សេងទៀតត្រូវបានសង្គ្រោះ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃអគ្គិភ័យឆេះទូកនេះនោះទេ។ ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់និយាយថា ផ្នែកខាងលើរបស់ទូកបានឆាបឆេះ ខណៈទូកធ្វើដំណើរពីទីរួមខេត្ត Kupang ទៅក្រុង Kalabahi នៅលើកោះ Alor។ អាជ្ញាធរបានបញ្ជូនទូកសង្គ្រោះចំនួនបីគ្រឿង ហើយអ្នកនេសាទក្នុងតំបន់បានចេញទូកជាច្រើនគ្រឿង ដើម្បីជួយក្នុងការស្វែងរកជនរងគ្រោះ។

លោក Isyak Nuka ប្រធានទីភ្នាក់ងារដឹកជញ្ជូននិយាយថា អ្នកនៅរស់រានមានជីវិតមួយចំនួនត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយមានភាពតក់ស្លុត ហើយអ្នកស្លាប់នឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនគរបាលក្រុង Kupang ដើម្បីកំណត់អត្តសញ្ញាណ។ មន្ត្រី និយាយថា ទូកនេះអាចផ្ទុកមនុស្សបានចំនួនរហូត ២៥០នាក់។ ឧបទ្ទវហេតុតាមសមុទ្រគឺជារឿងធម្មតា នៅប្រជុំកោះនៅអាស៊ីអាគ្នេយ៍មួយនេះដែលមានកោះប្រមាណ ១៧,០០០ ជាកន្លែងដែលស្តង់ដារសុវត្ថិភាពជារឿយៗមានភាពធូររលុង។ កាលពីឆ្នាំ2018 មនុស្សជាង ១៥០នាក់បានលង់ទឹកស្លាប់នៅពេលដែលនាវាចម្លងមួយគ្រឿងបានលិច នៅក្នុងបឹងមួយក្នុងចំណោមបឹងជ្រៅបំផុតរបស់ពិភពលោកនៅកោះស៊ូម៉ាត្រា៕
អត្ថបទ៖ ប៊ុនថន