បាល់ទាត់៖ ក្លិបចិន Beijing Guoan បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Slaven Bilic និងបានបង្ហាញមុខនៅចំពោះមុខអ្នកគាំទ្រក្នុងកីឡដ្ឋានផងដែរ។ គ្រូបង្វឹកសញ្ជាតិក្រូអាស៊ីរូបនេះ បានចុះហត្ថលេខា ដឹកនាំក្លិបដែលមូលដ្ឋាននៅរដ្ឋធានីប៉េកាំងមួយនេះ កាលពីខែមករាកន្លងមក និងបានមកទឹកដីចិនកាលពីខែកុម្ភៈកន្លងមក មុនពេលបង្ហាញមុខផ្លូវការនៅកីឡដ្ឋាន។
បុរសដែលមានបទពិសោធន៍ដឹកនាំក្លិបជាច្រើននៅអឺរ៉ុបលោក Slaven Bilic ធ្លាប់ដឹកនាំក្រុមជំរើសជាតិក្រូអាស៊ីផងដែរ ក៏ដូចជាក្លិបនៅក្របខណ្ឌ English Premier League ដូចជា West Ham United និង West Bromwich Albion។ អ្នកគាំទ្រប្រមាណជាង ១០០នាក់ត្រូវបានអនុញ្ញាតឲ្យចូលទស្សនាការបង្ហាញមុខគ្រូបង្វឹក ក៏ដូចជាកីឡាករត្រៀមរដូវកាលថ្មីក្របខណ្ឌ Chinese Super League។ ក្រៅពីលោក Slaven Bilic ក៏ឃើញមានវត្តមានកីឡាករវ័យ ៣០ឆ្នាំខ្សែការពារប្រេស៊ីល Lucas Souza ដែលមកដល់ក្នុងលក្ខខណ្ឌខ្ចីជើងពី Changchun Yatai និងកីឡាករបរទេស ៤រូបផ្សេងទៀតដែលសុទ្ធតែជាកីឡាករចំនូលថ្មី។ លីគកំពូលចិន Chinese Super League នឹងចាប់ផ្តើមរដូវកាលថ្មី ២០២១ នេះនៅថ្ងៃទី២០ ខែមេសាខាងមុខនេះ៕
អត្ថបទ៖នាង សុភាវុធ