ភ្នំពេញ៖ ការប្រឡងមធ្យមសិក្សាបឋមភូមិ ឬហៅថា ឌីប្លូម ត្រូវបានរៀបចំគ្រប់គ្រង តាមសាលានីមួយៗ ដោយពុំមែនជាការរៀបចំជារួម ដូចការប្រឡងសញ្ញាបត្រ បាក់ឌុបនោះទេ។ ទោះការប្រឡងថ្នាក់ទី៩ ជាការរៀបចំដោយសាលាផ្ទាល់យ៉ាងណាក្ដី ការប្រឡងនេះ នៅតែរក្សាគោលការណ៍ ចេះគឺជាប់ និងមានការដាក់ចេញវិន័យតឹងរឹង ដូចការប្រឡងថ្នាក់ទី ១២ផងដែរ។
ថ្ងៃទី២៤ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ជាការប្រព្រឹត្តិទៅនៃការប្រឡង សញ្ញាបត្រឌីប្លូមសិស្សថ្នាក់ទី ៩ ទូទាំងប្រទេស។ ក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់សិទ្ធិដល់សាលានីមួយៗក្នុងការរៀបចំទាំងស្រុង ទាំងដំណាក់កាលមុនសំណេរ ដំណាក់កាលសំណេរ និងដំណាក់កាលក្រោយសំណេរ។
ពាក់ព័ន្ធនឹងការប្រឡងថ្នាក់ទី៩នេះ លោក ទី ណាដា នាយកវិទ្យាល័យហ៊ុនសែនតាខ្មៅ លើកឡើងថា ការរៀបចំការប្រឡងនេះ គឺរក្សាគោលការណ៍ ចេះគឺជាប់ ដូចការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សិស្សមិនអាចយកទូរស័ព្ទ មិនអាចយកសំណៅឯកសារចូលបន្ទប់ប្រឡង មិនអាចលួចចម្លងគ្នានោះទេ។ ក្នុងករណីបំពាន សិស្សប្រឈមនឹងការធ្លាក់ដោយស្វ័យប្រវត្តិ។
ការអនុវត្តគោលការណ៍ តឹងរឹងចំពោះការប្រឡងនេះ គឺទទួលបានការគាំទ្រពីបេក្ខជនប្រឡងដោយផ្ទាល់។ ពួកគេលើកឡើងថា ការប្រឡងដែលតឹងរឹងបែបនេះ គឺធ្វើឱ្យសិស្សគ្រប់រូប មានការខិតខំរៀនសូត្រ និងមានយុត្តិធ៌មសម្រាប់សិស្សគ្រប់គ្នា។
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ២៤ តុលា ២០២២ មានចំនួនសរុប ជាង១៧ម៉ឺននាក់ ក្នុងនោះក៏មានសិស្ស គថ្លង់ ២៩ នាក់ ពិការភ្នែក ១៩ នាក់ និងមានមណ្ឌលប្រឡងសរុប ១ ៧២៣ បន្ទប់សរុប ៧ ៨១៦៕ អត្ថបទ៖ គឹមហុក