ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចាប់ផ្តើមបើកការចចារជាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ទ្វេភាគី ដើម្បីលើកកម្ពស់ និងជំរុញការដោះដូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ពិធីប្រកាសការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែតុលា នៅរដ្ឋធានី អាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅក្រោមវត្តមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម។
ពិធីចុះហត្ថលេខាការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ត្រូវបានធ្វើឡើង ស្របពេលជាមួយនឹងវេទិកាធុរកិច្ចស្តីពីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។
វេទិកាធុរកិច្ចនេះ សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពពាណិជ្ជកម្ម និងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗ របស់ប្រទេសទាំងពីរប្រមាណ៩០រូប និងរៀបចំឡើងក្នុងគោលបំណង ពង្រីក និងពង្រឹងបណ្តាញពាណិជ្ជកម្ម និងផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសក្តានុពល រួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម ថាមពល ហិរញ្ញវត្ថុ ការសាងសង់ ឧស្សាហកម្មសំលៀកបំពាក់ និងទំនិញសម្រាប់ធ្វើដំណើរ ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមវេទិកាធុរកិច្ចអេមីរ៉ាតអារ៉ាបរួម-កម្ពុជា ដែលប្រព្រឹត្តទៅនៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ថ្លែងក្នុងវេទិកាធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើង អំពីកាលានុវត្តភាពធុរកិច្ចវិនិយោគ ស្ថានភាពសេដ្ឋកិច្ច វិស័យសក្តានុពលរបស់កម្ពុជា និងការរីកចម្រើនរបស់វិស័យនីមួយៗ ដោយជំរុញឲ្យវិនិយោគិន អេមីរ៉ាតអារ៉ាប់រួម បំពញទស្សនកិច្ចនៅកម្ពុជា និងពិនិត្យលទ្ធភាពសហការលើគម្រោងរួម។
អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា កម្ពុជាមានទីផ្សារទូលំទូលាយ ក្នុងពិភពលោក ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី និងទ្វេភាគី រួមមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េជាដើម៕ អត្ថបទ៖ វណ្ណៈ



