ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដៀលឱ្យទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថាជាមនុស្សគ្មានសីលធម៌បែបអនាថា បង្ហាញចរិកស្មោកគ្រោក ដែលបានជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ខណៈទង្វើដែលទណ្ឌិតក្បត់ជាតិបានធ្វើម្តងហើយម្តងទៀតនេះ គឺមិនអាចលើកលែងឲ្យបាននោះឡើយ។តាមរយៈផេកហ្វេសបុកផ្ទាល់របស់លោក នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ជាបន្តបន្ទាប់ បង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិត សម រង្សី»។
លោកបន្តថា«ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមិនអាចទទួលយកបាននូវពាក្យសម្តីអគតិប្រមាថដ៏ធ្ងន់ធ្ងរបំផុត របស់ទណ្ឌិត សម រង្ស៊ី ដែលលើកឡើងក្នុងវីដេអូខ្លីដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនះ ចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសម្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រ ដែលព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ ថាគ្មានមនសិការជាតិ និងក្បត់ជាតិ»។
លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា «ការប្រើប្រាស់ពាក្យសម្តី និងទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជាជាបន្តបន្ទាប់ បានសបញ្ជាក់ពីចរិតដ៏គឃ្លើន និងអាកប្បកិរិយាក្បត់ជាតិ របស់ទណ្ឌិតម្នាក់នេះ ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។
ទង្វើនេះ មិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា នៃការដឹកនាំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃឲ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង»។
ជាមួយគ្នានោះលោក ហ៊ុន ម៉ានី ក៏សូមឲ្យទណ្ឌិតក្បត់ជាតិបីជំនាន់នេះ បញ្ឈប់នូវវិធីសាស្រ្តបែបកខ្វក់ និងគ្មានការទទួលខុសត្រូវ ជាពិសេសការជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ក៏ដូចជាការអុចអាល ញុះញង់សព្វបែបយ៉ាងដែលរំខានដល់ប្រជាពលរដ្ឋដែលកំពុងរួមរស់យ៉ាងសុខសាន្ត ក្នុងសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ ព្រោះថាការធ្វើនយោបាយរបៀបលោកនេះ ហើយដែលធ្វើអោយប្រទេសកម្ពុជាយើងបាត់បង់មុខមាត់ និងផលប្រយោជន៍ ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវឡើយ៕អត្ថបទ៖ បាន ចក់
