អង់គ្លេស៖ លោក Rishi Sunak ដែលក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស បានសន្យាបម្រើប្រទេសដោយភាពសុចរិតភាព និងស្មោះត្រង់ដោយលោកនឹងធ្វើការដើម្បីប្រជាជនអង់គ្លេស។
លោក Sunak បាននិយាយថា អង់គ្លេសបានប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយពេលនេះយើងត្រូវការស្ថិរភាព និងសាមគ្គីភាព ហើយលោកនឹងធ្វើឱ្យវាក្លាយជាអាទិភាពបំផុត របស់លោកក្នុងការនាំយកគណបក្ស និងប្រទេសរួមគ្នា ព្រោះនោះគឺជាមធ្យោបាយតែមួយគត់ ដែលយើងនឹងយកឈ្នះលើបញ្ហាប្រឈមទាំងឡាយ។ ពេលនេះលោក Sunak ត្រូវបានព្រះមហាក្សត្រ Charles III ស្នើឲ្យបង្កើតរដ្ឋាភិបាល។ លោកនឹងក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងការប្រគល់តំណែងបន្តពីលោកស្រី Liz Truss នៅថ្ងៃច័ន្ទនេះ។
ជ័យជម្នះរបស់លោក Sunak គឺជាប្រវត្តិសាស្ត្រ ដែលលោកគឺជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងគេនៃមរតកអាស៊ីខាងត្បូង ជាអ្នកកាន់សាសនាហិណ្ឌូដំបូងគេក្នុងការចូលកាន់តំណែង និងជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេក្នុងរយៈពេល 200ឆ្នាំមកនេះ។ បញ្ហាប្រឈមរបស់លោកមានទំហំធំធេង ខណៈលោកព្យាយាមបង្រួបបង្រួមគណបក្សដែលធ្លាក់ចុះការគាំទ្រ និងបែកបាក់ ដែលមានសន្ទុះទាបជាងគណបក្សប្រឆាំងក្នុងការស្ទង់មតិ និងព្យាយាមជ្រោងសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការជួបប្រទះការបរាជ័យ និងរយៈពេលកាន់តំណែងរយៈពេលខ្លីរបស់លោកស្រី Truss នៅក្នុងសេដ្ឋកិច្ចបែបសេរីនិយម៕
អត្ថបទ៖ ប៊ុនថន