បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក UEFA Champions League, Real Madrid នឹងមិនមានវត្តមានខ្សែបម្រើកណ្តាល Luka Modric ឡើយក្នុងជំនួបទល់នឹងម្ចាស់ផ្ទះអាល្លឺម៉ង់ RB Leipzig។ បើតាមគេហទំព័ររបស់ក្លិប Real Madrid កីឡាករវ័យ ៣៧ឆ្នាំរូបនេះស្ថិតក្នុងបញ្ជីសំរាប់ការប្រកួតទី៥ ក្នុងពូលទល់នឹង Leipzig តែក៏ត្រូវកាត់ឈ្មោះចេញវិញដោយមិនបញ្ជាក់មូលហេតុ។

ខ្សែបម្រើក្រូអាស៊ីរូបនេះត្រូវបានផ្លាស់ចេញនៅនាទីទី៧៧ អំឡុងការប្រកួតឈ្នះលើក្រុមភ្ញៀវ Sevilla កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនៅក្របខណ្ឌអេស្ប៉ាញ La Liga។ Real Madrid កំពុងអវត្តមានកីឡាករសំខាន់ៗស្រាប់មុនការប្រកួតរាត្រីនេះដូចជា Karim Benzema, Federico Valverde និងអ្នកចាំទី Thibaut Courtois ដោយអ្នកទាំងបីសុទ្ធតែមានបញ្ហារបួសបន្តិចបន្តួច។ Real Madrid ត្រូវការឈ្នះនៅទឹកដី Leipzig យប់នេះដើម្បីធានាឱ្យបានកៅអីលេខ ១ ក្នុងពូល ដើម្បីមានលទ្ធផលចាប់ឆ្នោតជួបក្រុមខ្សោយជាងនៅវគ្គ ១៦ក្រុមចុងក្រោយ។ Real Madrid គឺជាបេក្ខភាពឈានមុខគេដដែលក្នុងការប្រជែងជើងឯក UCL រដូវកាលនេះបន្ទាប់ពីលេងឈ្នះ ១៤ ក្នុងចំណោម ១៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌ៕
អត្ថបទ៖នាង សុភាវុធ