បាល់ទាត់៖ ក្លិប Aston Villa បានប្រកាសតែងតាំងលោក Unai Emeri ជាអ្នកចាត់ការថ្មីបន្តតំណែងពីលោក Steven Gerrard ដែលត្រូវបានដកតំណែងកាលពីថ្ងៃអាទិត្យ។ អតីតអ្នកចាត់ការ Arsenal រូបនេះនឹងចាកចេញពីក្លិបអេស្ប៉ាញ Villarreal មកដឹកនាំ Aston Villa ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាខាងមុខ។
Aston Villa បានចំណាយលុយ ៥.២លានផោនដើម្បីផ្តាច់កុងត្រារបស់អ្នកចាត់ការវ័យ ៥០ឆ្នាំរូបនេះនៅ Villarreal។ លោក Aaron Danks នៅតែដឹកនាំ Aston Villa បណ្តោះអាសន្នសិនសម្រាប់ការប្រកួតចុងសប្តាហ៍នេះនៅទឹកដី Newcastle។ លោក Unai Emery ត្រូវបានតែងតាំងឱ្យដឹកនាំ Villarreal កាលពីឆ្នាំ២០២០ និងបានឈ្នះពាន UEFA Europa League ក្នុងរដូវកាលដំបូង ២០២០-២១ ក្នុងតំណែងក្រោយឈ្នះ Manchester United នៅវគ្គផ្តាច់ព្រ័ត្រ។ ក្លិបអេស្ប៉ាញមួយនេះក៏បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរនៅក្របខណ្ឌ UEFA Champions League ក្រោមការដឹកនាំរបស់លោក Emery តែចាញ់ Liverpool សរុបទាំងពីរជើង ៥-២។
លោក Unai Emery ក៏ធ្លាប់មានអាជីពដឹកនាំនៅទឹកដីអង់គ្លេសដែរគឺដឹកនាំក្រុមកាំភ្លើងធំ Arsenal មុនចាកចេញទៅកាន់ Villarreal។ ក្រោមការដឹកនាំរបស់ Emery, Arsenal ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa League តែចាញ់ Chelsea នៅឆ្នាំ២០១៩ ហើយក៏ត្រូវដកតំណែងវិញក្រោយ Arsenal ចាប់ផ្តើមរដូវកាលថ្មីមិនឈ្នះសោះ ៧ប្រកួតដំបូងដែលជាស្ថិតិអាក្រក់បំផុតតាំងពីខែកុម្ភៈ ឆ្នាំ១៩៩២៕
អត្ថបទ៖នាង សុភាវុធ