កំពង់ចាម៖ ពូជស្រូវ ត្រូវបានអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចែកជូនប្រជាកសិករ ចំនួន ១៣៥១គ្រួសារ នៅឃុំចំនួន៥ឃុំ ក្នុងស្រុកស្រីសន្ធរ កាលពីថ្ងៃទី២៥ ខែតុលា ម្សិលមិញ ដើម្បីស្ដារការដាំដុះឡើងវិញ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ពូជស្រូវ ដែលបានចែកជូនប្រជាកសិករនៅពេលនេះ គឺជាពូជស្រាលមិនប្រកាន់រដូវ (តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា) ហើយឯកឧត្ដម បានជំរុញប្រជាកសិករឱ្យខិតខំប្រឹងប្រែងយកស្រូវពូជនេះ ទៅធ្វើការសាបព្រោះដកស្ទូងស្តារឡើងវិញ បន្ទាប់ពីជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានស្រកអស់។
ឯកឧត្ដម បានបញ្ជាក់ថា ស្រូវពូជដែលផ្តល់នៅពេលនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ មានលទ្ធភាពក្នុងបង្កបង្កើនផលបានទាន់ពេលវេលា និងបង្កើនសេដ្ឋកិច្ចគ្រួសារឡើងវិញ។
ប្រជាកសិករ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ពូជស្រូវសម្រាប់ការដាំដុះស្ដារឡើងវិញ ក្រោយទឹកជំនន់ ដែលនេះជាការជួយសម្រួលដល់ការចំណាយរបស់ពួកគេ បន្ទាប់ពីរងគ្រោះដោយសារទឹកជំនន់។
ទឹកជំនន់ទន្លេ និងទឹកភ្លៀង នៅឆ្នាំនេះ បានបង្កការប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំផ្សេងៗទៀត រាប់ម៉ឺនហិកតា នៅក្នុងខេត្តជាច្រើន ។ រាជរដ្ឋាភិបាល បាននឹងកំពុងបញ្ចេញស្រូវពូជ ដើម្បីផ្ដល់ជូនកសិករ ដើម្បីស្ដារការដាំដុះឡើងវិញ ៕អត្ថបទ៖ ថុង សីហា