ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៨ (The 18th ASEAN Senior Officials for Culture and Arts Meeting), នាទីសី្តការក្រសួងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ តាមរយៈប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំឧត្តមមន្រី្តទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន រៀបចំឡើងក្រោមវត្តមាន ឯកឧត្តម មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំមន្រី្តពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំនេះ។ ដោយយោងតាមសាវតា៖ កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៨ គឺជាកិច្ចប្រជុំប្ដូរវេនត្រូវប្រារព្ធធ្វើក្នុងមួយឆ្នាំម្ដង ដែលក្នុងនាមជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន មានរយៈពេល០២ឆ្នាំ។ កន្លងមកកម្ពុជា បានដើរតួនាទីជាប្រធាន ចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២២នេះ នឹងត្រូវប្រគល់ការបន្តវេនទៅភាគីឡាវ ដោយមូលហេតុថា កាលពីឆ្នាំ២០១៨-២០២០ ត្រូវជាវេនរបស់កម្ពុជា ជាប្រធាន។ ប៉ុន្តែដោយមានការបោះឆ្នោតសាកល ឆ្នាំ២០១៨ កម្ពុជា បានស្នើសុំឲ្យភាគីឥណ្ឌូនេស៊ី ធ្វើជាប្រធានមុន ទើបមកដល់ឆ្នាំ២០២០ កម្ពុជា ទទួលធ្វើជាប្រធានវិញ រួចបានផ្ទេរតួនាទីជាប្រធានបន្តវេនទៅឲ្យភាគីឡាវ នៅពេលកិច្ចប្រជុំនេះ។ ក្នុងអំឡុងពេលជាប្រធានៈ ពីឆ្នាំ២០២០-២០២២ កម្ពុជា បានបង្កើត និងសម្រេចនូវសមិទ្ធិផលជាច្រើនដូចជា ការដាក់បញ្ចូលទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ជាកាលានុវត្តន៍ នៃការផ្សព្វផ្សាយសក្ដានុពលវប្បធម៌ នៃខេត្តសៀមរាប ទៅកាន់អាស៊ាន និងពិភពលោក។
កិច្ចពិភាក្សាក្នុងអង្គប្រជុំ ផ្តោតសំខាន់លើផែនការ ការងារស្តីពី កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងសិល្បៈ ជាមួយដៃគូសន្ទនា ឆ្នាំ២០២២-២០២៥, បច្ចុប្បន្នភាពស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការ ការងារស្តីពី កិច្ចសហប្រតិបតិ្តការក្នុងវិស័យវប្បធម៌ និងសិល្បៈជាមួយដៃគូសន្ទនា ឆ្នាំ២០២២-២០២៥, ការ ពិនិត្យឡើងវិញ នៃបណ្តាញកិច្ចសហប្រតិបតិ្តការវប្បធម៌អាស៊ាន បូកបី (APTCCN), សេចកី្តថ្លែងការណ៍ ខេត្តសៀមរាប ស្តីពីការលើកកម្ពស់សហគមន៍អាស៊ាន ប្រកបដោយការច្នៃប្រឌិត និងសម្របខ្លួន ដើម្បីគាំទ្រដល់វិស័យវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត, កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌រវាងប្រទេសដៃគូសន្ទនាអាស៊ាន, កំណត់ចំណាំគោលគំនិតស្តីពីមជ្ឈមណ្ឌលអាស៊ាន សម្រាប់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត (ACCCI), សេចកី្តថ្លែងការណ៍រួមរបស់រដ្ឋមន្រី្តវប្បធម៌ និងសិល្បៈអាស៊ាន ស្តីពីសម្បតិ្តបេតិកភណ្ឌវប្បធម៌ និងការកំណត់ពេលវេលា និងទីកន្លែងសម្រាប់កិច្ចប្រជុំឧត្តមមន្រី្តបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៩ និងសេចកី្តសម្រេច និងការអនុម័ត នៃរបាយការណ៍កិច្ចប្រជុំ៕ អត្ថបទ ៖ រដ្ឋា








