ភ្នំពេញ ៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានជម្រុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងនោះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានជម្រុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ការជម្រុញរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវនេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ។
ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ផ្លូវជាតិមួយចំនួននៅជាយក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានរថយន្តកុងតឺន័រចតលើទ្រូវផ្លូវរាប់រយគ្រឿងបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងខូចផ្លូវថែមទៀត។ ការចតបែបអាណាធិបតេយ្យនេះ មិនអាចទទួលយកបានទេ ក្នុងនាមអាជ្ញាធររាជធានីជាអាណាព្យាបាលប្រជាពលរដ្ឋ ត្រូវតែដោះស្រាយ ដើម្បីសម្រួលចរាចរណ៍ជូនប្រពលរដ្ឋ ។ បញ្ជានេះអាជ្ញាធរខណ្ឌ និងស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកត្រូវមានវិធានការដោះស្រាយ មិនអាចនៅបែបនេះទៀតទេ។
ឯកឧត្តម ឃួង ស្រេង បន្តថា បញ្ហាសណ្តាប់សាធារណៈនេះត្រូវតែម៉ឺងម៉ាត់ ដើម្បីបំរើផលប្រយោជន៍ប្រជាជនភាគច្រើន មិនអាចឱ្យអ្នករកស៊ីមករំខាន ឬរំលោភបំពានយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវនោះទេ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជានគរបាលចរាចរណ៍ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាមើលផ្លូវ មើលភាពកកស្ទះ ហើយស្នើមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ ទាំងការកែសម្រួលផ្លូវ ក៏ដូចជាការស្នើសុំធ្វើស្ពានអាកាស ដើម្បីសម្រួលចរាចរណ៍ជាដើម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








