ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ,បណ្តាបក្សនយោបាយនានា និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ងើបឡើងប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ និងមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣.៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រុងប្រៀប ត្រៀមខ្លួនទប់ទល់នឹ ងចលនាប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះករុណា ព្រះមហាក្សត្រ និងមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវដល់បក្សនយោបាយនានា និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ងើបឡើងប្រឆាំងនឹងជនក្បត់ជាតិឈ្មោះទណ្ឌិត សម រង្ស៊ី ហៅ«អាក្បត់ជាតិ ៣ជំនាន់»។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សំឡេងខ្សែអាត់ និងវីដេអូ សន្ទនារវាងបុគ្គលទណ្ឌិត សម រង្ស៊ី និងគូកន នៅក្រៅប្រទេស មានទិសដៅប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះករុណា ព្រះមហាក្សត្រ និងមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងមានបំណងប្តូររបបនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»៕
