រុស្ស៊ី៖ រុស្ស៊ីបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា អ៊ុយក្រែនកំពុងត្រៀមប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម រួមជាមួយសារធាតុវិទ្យុសកម្មនៅលើទឹកដីខ្លួនឯង ដែលលោកខាងលិច និងក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ជាលេសពង្រីកសង្គ្រាម។

ទីក្រុង Moscow បានផ្ញើលិខិតមួយច្បាប់រៀបរាប់លម្អិតការចោទប្រកាន់ ទៅអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ និងបានលើកបញ្ហានេះនៅក្នុងកិច្ចប្រជុំបិទទ្វារមួយ ជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា យើងពិតជាពេញចិត្តខ្លាំងណាស់ ព្រោះយើងបានលើកឡើងពីការពិតនៃស្ថានភាព។ ខ្ញុំមិនប្រកាន់ខឹងនឹងមនុស្សដែលនិយាយថា រុស្ស៊ីកំពុងព្យាយាមធ្វើឲ្យគេជឿ ទាំងដែលមិនមានរឿងនេះកើតឡើងព្រោះវាធ្ងន់ធ្ងរ ជាគ្រោះមហន្តរាយដ៏ធំដែលគំរាមកំហែងយ៉ាងខ្លាំងដល់ភពផែនដីទាំងមូលនោះទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov កាលពីថ្ងៃអង្គារបានបញ្ជាក់ជាថ្មីពីការចោទប្រកាន់របស់រុស្ស៊ី និងនិយាយថា លោកខាងលិចឆោតល្ងង់ដែលមិនព្រមជឿរឿងទាំងនោះ។ រឿងនេះបានកើតឡើងក្រោយមានការលើកឡើងពីទីក្រុង Moscow ដែលថា ខ្លួនអាចត្រូវបង្ខំឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិកប្រឆាំងនឹងអ៊ុយក្រែន ដែលប្រធានាធិបតីរបស់ប្រទេសនេះគឺលោក Volodymyr Zelenskyy បាននិយាយថា ការចោទប្រកាន់ពីការប្រើប្រាស់គ្រាប់បែកវិទ្យុសកម្មនោះបង្ហាញថា ទីក្រុង Moscow កំពុងមានផែនការវាយប្រហារ និងព្យាយាមទម្លាក់កំហុសឲ្យទីក្រុង Kyiv៕
អត្ថបទ៖ សុខមាន