ភ្នំពេញ៖ មន្ត្រីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការជំរុញដល់អង្គភាពក្រោមឱវាទ ក៏ដូចជាមន្ទីរគ្រប់រាជធានីខេត្តត្រូវជំរុញការធ្វើតេស្ដកាយសម្បទាសិស្សានុសិស្សគ្រប់គ្រឹះស្ថានអប់រំពីអាយុ ៧ឆ្នាំទៅ ២៤ឆ្នាំដើម្បីពង្រឹងវិស័យអប់រំកាយ និងកីឡាបន្ថែមលើការអប់រំចំណេះដឹងទូទៅ។
នេះបើតាមការបញ្ជាក់របស់លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពីការរៀបចំចងក្រងទិន្នន័យតេស្ដកាយសម្បទាអាស៊ានពីអាយុ ៧ឆ្នាំ ដល់ ២៤ឆ្នាំនៅគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្តមសិក្សា ដែលរៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានគូសបញ្ជាក់ថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អង្គភាពពាក់ព័ន្ធដើម្បីពង្រឹងវិស័យអប់រំកាយ និងកីឡាក្នុងវិស័យអប់រំ ដើម្បីឆ្លើយតបផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាកិច្ចសហការថ្នាក់តំបន់ និងអន្ដរជាតិ។ លោកថា សិក្ខាសាលានេះផ្ដោតលើវត្ថុបំណងសំខាន់ចំនួន ៦ រួមមាន៖ ១-ដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្ដរជាតិលើវិស័យអប់រំកាយ និងកីឡា។ ២-ពង្រឹងការអនុវត្តក្របខណ្ឌកម្មវិធីសិក្សាថ្នាក់ជាតិឲ្យបានពេញលេញ ២ម៉ោងក្នុងមួយសប្ដាហ៍ ហើយក្នុងនោះការរៀបចំចងក្រងទិន្នន័យតេស្ដកាយសម្បទាសិស្ស និស្សិត ដែលកំពុងសិក្សាក្នុងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្តមសិក្សា។
៣-ក្លាយជាគ្រូបង្គោលថ្នាក់ក្រោមជាតិតាមរាជធានី-ខេត្តចូលរួមបំប៉នបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៅសាលារបស់ខ្លួន សាលាឧបសម្ព័ន្ធ កម្រង និងក្រុង ស្រុក ខណ្ឌរបស់ខ្លួន។ ៤-ជាអ្នកពិនិត្យតាមដានវាយតម្លៃ និងបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃការៀរបចំចងក្រងនិន្នន័យតេស្ដកាយសម្បទាសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់នៅក្រោមឱវាទរបស់ខ្លួន។ ៥-ថ្នាក់ក្រោមជាតិចូលរួមសហការជាមួយអង្គភាពជំនាញថ្នាក់ជាតិ ដើម្បីរៀបចំចងក្រងទិន្នន័យតេស្ដកាយសម្បទាកុមារ និងយុវជនពីអាយុ ៧ ដល់ ២៤ឆ្នាំតាមរាជធានី-ខេត្តទាំង ២៥ រៀងរាល់ឆ្នាំ។ ៦-ស្របតាមគោលបំណងនេះ ដើម្បីឆ្លើយតបចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដោតលើសមាសភាពអប់រំទាំង ៥ រួមមានការអប់រំបញ្ញា អប់រំសិល្បៈ អប់រំពលកម្ម អប់រំសោភ័ណ និងអប់រំកាយ និងកីឡា ក្នុងនោះការរៀបចំចងក្រងទិន្នន័យតេស្ដកាយសម្បទាអាស៊ានគឺជាការងារចាំបាច់ និងមានសារៈសំខាន់មួយ ដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្ដរជាតិផងដែរ។
ជាមួយគ្នានោះ លោក ដួង មាសចំរើន ក្នុងនាមមន្ដ្រីជំនាញបានអំពាវនាវដល់សិក្ខាកាមដែលជាតំណាងរាជធានី-ខេត្តទាំងអស់ត្រូវខិតខំសិក្សាស្វែងយល់ពីអត្ថប្រយោជន៍ពីការរៀបចំសិក្ខាសាលានេះ ហើយយកចំណេះដឹងទាំងអស់ទៅផ្សព្វផ្សាយ និងអនុវត្តឲ្យមានគុណភាពតាមគ្រឹះស្ថាននៅក្រោមឱវាទរបស់ខ្លួន ដ្បិតនេះក៏ជាចលនាមួយដ៏សំខាន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិផងដែរ ពិសេសគាំទ្រយុទ្ធនាការជាតិនៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា