រុស្ស៊ី៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក Dmitry Medvedev បាននិយាយកាលពីដើមសប្ដាហ៍នេះថា ប្រទេសរុស្ស៊ីកំពុងបង្កើនការផលិតអាវុធគ្រប់ប្រភេទទាំងអស់ចាប់ពីរថក្រោះ និងកាំភ្លើង រហូតដល់មីស៊ីលបាញ់ស៊ីបចំគោលដៅ និងយានដ្រូន។

លោកបាននិយាយនៅលើសារបណ្ដាញ Telegram ថា ការផលិតអាវុធ និងយុទ្ធោបករណ៍ពិសេសៗគ្រប់ប្រភេទកំពុងកើនឡើងទ្វេដងចាប់ពីរថក្រោះ និងកាំភ្លើងរហូតដល់មីស៊ីលបាញ់ស៊ីបចំគោលដៅ និងយានដ្រូន។ ត្រៀមខ្លួនទប់ទល់ទៅ។ អ្នកនយោបាយជើងចាស់រូបនេះបានផ្ដាំទៅគូប្រជែងរបស់រុស្ស៊ី និងបានណែនាំពួកគេកុំសង្ឃឹមឲ្យសោះថា រុស្ស៊ីនឹងអស់អាវុធនោះ។ លោកថា នៅពេលអានការវិភាគរបស់សត្រូវ ខ្ញុំច្រានចោលការលើកឡើងដដែលៗថា រុស្ស៊ី នឹងអស់យុទ្ធោបករណ៍ឆាប់ៗ និងប្រើប្រាស់អាវុធច្រើនពេក ដូចជាពាក្យថាអ្វីៗត្រូវបានប្រើប្រាស់អស់ហើយ។ វាគ្មានរឿងបែបនេះកើតឡើងទេ។
ក្រុមមន្ត្រីបាននិយាយថា ក្រោមបទបញ្ជាពីអគ្គមេបញ្ជាការកងទ័ពគឺលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin លោក Medvedev បានធ្វើដំណើរទៅទីក្រុង Nizhny Tagil ពិនិត្យមើលការផលិតរថក្រោះនៅរោងចក្រផលិតអាវុធ Uralvagonzavod ដែលជារោងចក្រផលិតរថយន្តប្រយុទ្ធធំបំផុតក្នុងតំបន់នោះ៕
អត្ថបទ៖ សុខមាន