បាល់បោះរទេះ៖ កម្ពុជាត្រៀមបញ្ជូនក្រុមកីឡាការិនីបាល់បោះរទេះ ចូលរួមប្រកួតពានរង្វាន់គណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហមឥណ្ឌាលើកទី៣ (3rd Edition of ICRC International Wheelchair Basketball Tournament) ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនៅប្រទេសឥណ្ឌា។

នេះបើតាមសំណើររបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានស្នើទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុញ្ញាតជាគោលការណ៍បញ្ចូនគ្រូបង្វឹក និងកីឡាការិនីចំនួន ១១នាក់ទៅចូលរួមព្រឹត្តិការណ៍អន្ដរជាតិនៅឥណ្ឌានាចុងសប្ដាហ៍ក្រោយ។ ប្រភពដដែលបានបញ្ជាក់ថា ពានរង្វាន់អន្ដរជាតិនេះសហការរៀបចំដោយគណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហមកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា ជាមួយគណៈកម្មាធិការជាតិបារ៉ាឡាំពិកឥណ្ឌា និងសហព័ន្ធកីឡាបាល់បោះរទេះឥណ្ឌាដែលមាន ៨ប្រទេសចូលរួម រួមមានកម្ពុជា នេបាល់ បង់ក្លាដែស លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងម្ចាស់ផ្ទះឥណ្ឌា។
រីឯការចំណាយទាំងស្រុង ទាំងការធ្វើដំណើរ ការស្នាក់ និងការហូបចុកគឺរ៉ាប់រងដោយគណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហមឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា។ គួរដឹងថា ក្រុមបាល់បោះរទេះនារីកម្ពុជាគឺជាប្រភេទកីឡាជនពិការដ៏មានសក្ដានុពលមួយរបស់កម្ពុជា ដែលទើបសម្រេចលទ្ធផលយ៉ាងគាប់ចិត្ត ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្មីៗ ដោយដណ្ដើមបានមេដាយមាស ១គ្រឿងលើវិញ្ញាសា ៣ទល់ ៣ និងមេដាយប្រាក់ ១ លើវិញ្ញាសា ៥ទល់៥៕
អត្ថបទ៖ លី ឈុនឡា