អ៊ុយក្រែន៖ រដ្ឋមន្ត្រីអ៊ុយក្រែនមួយរូបនិយាយថា ជនភៀសខ្លួនដែលបានរត់គេចក្រោយការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន គួរតែបន្តស្នាក់នៅបរទេសនៅរដូវរងានេះដោយសារការដាច់ចរន្តអគ្គិសនី ព្រោះតែការទម្លាក់គ្រាប់បែកពីរុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។

ក្នុងបទសម្ភាសន៍ផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ុយក្រែនកាលពីថ្ងៃអង្គារ ឧបនាយករដ្ឋមន្ត្រីលោកស្រី Iryna Vereshchuk បានប្រាប់ពលរដ្ឋអ៊ុយក្រែនដែលបច្ចុប្បន្នកំពុងរស់នៅបរទេសថា ពួកគេគួរតែរង់ចាំរហូតដល់រដូវផ្ការីក ចាំវិលមកប្រទេសអ៊ុយក្រែនវិញ។ លោកស្រីបាននិយាយថា ខ្ញុំចង់ស្នើដល់ពួកគេកុំទាន់ត្រឡប់មកវិញ។ យើងចាំបាច់ត្រូវតស៊ូរដូវរងានេះឲ្យបាន។ រុស្ស៊ីបានវាយប្រហារដោយមីស៊ីល និងយានដ្រូនជាបន្តបន្ទាប់ដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បណ្ដាលឲ្យដាច់ចរន្តអគ្គិសនី និងរំខានដល់ការផ្គត់ផ្គង់ទឹក បន្ទាប់ពីការផ្ទុះបានបំផ្លិចបំផ្លាញស្ពានតភ្ជាប់ពីតំបន់គ្រីមៀទៅរុស្ស៊ីកាលពីថ្ងៃទី៨ ខែតុលា។
ទីក្រុង Kyiv និយាយថា ការវាយប្រហារនានាបានបំផ្លិចបំផ្លាញប្រព័ន្ធថាមពល ៤០%។ មន្ត្រីក្នុងតំបន់មួយរូបនៅទីក្រុង Kyiv បានព្រមានកាលពីសប្ដាហ៍មុនថា ប្រជាពលរដ្ឋត្រូវតែត្រៀមសម្រាប់ការកាត់ផ្ដាច់ថាមពល ដែលអាចនឹងកើតមានបន្តរយៈពេលជាច្រើនថ្ងៃ ឬច្រើនសប្ដាហ៍៕
អត្ថបទ៖ សុខមាន